(ភ្នំពេញ)៖ ចលនាស្រ្តី នៃគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្តាល ថ្កោលទោសគម្រោងអំពើភេរវកម្មប្រើដ្រូនប៉ុនប៉ងធ្វើឃាត សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសប្រកាសសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឭ ខេត្តកណ្តាល ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ។ ចជាចលនាស្រ្តីទូទាំងខេត្តកណ្តាល បានប្រកាសថ្កោលទោសនិងប្រឆាំងដាច់អហង្ការចំពោះ គម្រោងអំពើភេរវកម្មវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ ពីសំណាក់ក្រុមជ្រុលនិយម អគតិដែលគ្មានសាសនា។

ជាមួយគ្នានេះ ក្រុមចលនាស្រ្តី ក៏បានប្រកាសពីការដឹងគុណនិងការពារជានិច្ចចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍ ដែលបានពលិកម្មសាច់ស្រស់ឈាមស្រស់ដើម្បីជាតិនិងប្រជាជន ក៏ដូចជា សម្តេចបវរធោបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា ដែលកំពុងខិតខំការពាសុខសន្តិភាព ស្ថិរភាពសង្គម ជូនប្រជាពលរដ្ឋ ដោយឆន្ទះមោះមុតជាទីបំផុត បន្តវេនពី សម្តេចតេជោ ហ៊ុន សែន ដឹកនាំកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។

ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានលើកឡើងថា គម្រោងទុច្ចរិតដែលជាអំពើភេរវកម្មនេះ ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ ប្រឆាំងឱវាទសាសនា ជាពិសេស ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះអាយុជីវិតឥស្សរជនកំពូលរបស់ជាតិ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច រាយការណ៍ពីព័ត៌មានទាំងឡាយណា ដែលទាក់ទងនឹងក្រុមជ្រុលនិយមនេះ ជូនអាជ្ញាធរមានសមត្ថកិច្ចកិច្ច ដើម្បីផ្តន្ទាទោស ដល់សកម្មភាពដែលពួកគេបានបង្កើតឡើងម្តងជាពីរដងនេះជាកំហិត កុំឲ្យក្រុមគ្មានសាសនានេះ អាចបំផ្លាញការអភិវឌ្ឍរបស់សង្គមជាតិ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ និងសកលលោក៕