(ភ្នំពេញ)៖ សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា កំពុងតែប្រឹងប្រែងជួយវិស័យអាជីវកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ដោយផ្តោតលើការពង្រីកម៉ាកយីហោក្នុងស្រុក។ នេះបើតាមលោក ដា សុធន់ ប្រធានវិស័យអាជីវកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា។

លោកបានលើកឡើង ពីទិសដៅសម្រាប់ឆ្នាំ២០២២៥ ដើម្បីជួយទៅដល់ការអភិវឌ្ឍមុខរបរក្នុងវិស័យអាជីវកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ឲ្យកាន់តែមានភាពប្រសើរឡើង ដោយថ្លែងថា អ្វីដែលយើងបានផ្តោត និងកំពុងជួយទៅដល់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ គឺការផ្តល់នូវការប្រឹក្សាយោបល់លើគន្លឹះដឹកនាំគ្រប់គ្រង ដោយអ្នកជំនាញបានចុះផ្ទាល់ និងផ្តោតលើសមាជិក ជាមួយនឹងលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងបង្ហាញនូវបរិបទផ្លាស់ប្តូរនានា ដើម្បីដោះស្រាយវិបត្តិ និងចំណោទបញ្ហា ដែលម្ចាស់អាជីវកម្មកំពុងប្រឈមម្តងមួយៗ ហើយនេះជាវិធីសាស្ត្រដ៏សំខាន់បំផុត ក្នុងការជួយទៅដល់ មូលដ្ឋានអាជីវកម្មទេសចរណ៍ ព្រោះថា មុខរបរនីមួយៗតែងតែមានបញ្ហាខុសៗគ្នា ជាពិសេសនៅក្នុងបរិបទស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន គឺរឹតតែត្រូវការផ្តោតលើការគ្រប់គ្រង ដែលត្រូវតែមានផែនការច្បាស់លាស់ ក្នុងរយៈពេលខ្លី ឬវែងណាមួយ ដែលមិនអាចខ្វះបាន។ នេះគឺជាចលនាផ្តោតរបស់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា សម្រាប់ទិសដៅឆ្នាំ២០២៥នេះ។

លោក ដា សុធន់ ថ្លែងបែបនេះ នៅក្នុងឱកាសហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ (Gather Grounds Coffee & Eatery) ចុះហត្ថលេខាប្រគល់សិទ្ធិប្រកបអាជីវកម្មដល់ដៃគូរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ដើម្បីគ្រប់គ្រងមុខរបរឲ្យកាន់តែប្រសើរឡើង បើតាមលោក ដា សុធន់ បានបន្តថា មុខរបរ ឬអាជីវកម្មតូចៗក្តី ក៏ត្រូវរៀនធ្វើផែនការរកស៉ី ដោយកំណត់ទិសដៅលក់ ទិសដៅរកចំណូល ការគ្រប់គ្រងចំណាយ និងការរៀបចំមុខរបរឲ្យកាន់តែរឹងមាំ គឺវាដូចទៅនឹងការដាំដំណាំ ដោយទាមទារពេលវេលា ការថែទាំ និងការផ្តោត។

លោកបានបន្តថា ជាក់ស្តែង​ មុខរបរអាជីវកម្មហាងកាហ្វេ ហ្គាឌ័រហ្គ្រោនស៍ បន្ទាប់ពីទិសដៅពង្រឹង មុនពង្រីកខ្លួន អស់រយៈពេលជិតមួយឆ្នាំកន្លងទៅនេះ គឺទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ហើយបានវិវត្តខ្លួនឈានដល់ការពង្រីកសាខាបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាប្រចាំថ្ងៃ ដែលស្រលាញ់ចូលចិត្ត ជាមួយហាងកាហ្វេ ហ្គាឌ័រហ្គ្រោនស៍ តាមរយៈគន្លឹះ ៤យ៉ាង ដោយទីមួយ គឺរៀនផ្តើមធ្វើកុំចាំសិន ទីពីរ រៀនផ្តោតលើមុខរបរឲ្យបានគ្រប់ជ្រុងជ្រោយ ទីបី រៀនផ្តាច់ខោលនូវអ្វីដែលមិនល្អ កែតម្រូវជាប្រចាំ និងទីបួន ត្រូវរៀនផ្តល់ឲ្យនូវសេចក្តីស្រលាញ់ចំពោះមនុស្សនៅជុំវិញខ្លួន ស្រលាញ់អតិថិជន ស្រលាញ់ក្រុមការងារ និងបើកចិត្តខ្លួនឯងជានិច្ច ដើម្បីសម្រេចឲ្យបាននូវផែនការ ដែលយើងបានកំណត់។

លោកស្រី នី ប៉ាឡូណា ម្ចាស់អាជីវកម្ម ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ បានអរគុណចំពោះចលនាគាំទ្ររបស់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍអាជីវកម្ម ដោយមានអ្នកជំនាញផ្តល់ជំនួយស្មារតី ដើម្បីឲ្យអាជីវកម្មកាន់តែរីកចម្រើន។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី នី ប៉ាឡូណា បានឲ្យដឹងថា ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ មានគោលដៅច្បាស់លាស់ ដោយក្នុងឆ្នាំ២០២៤-២០៣០ នឹងពង្រីកឲ្យបានយ៉ាងតិច ១៥ទីតាំង នៅរាជធានីភ្នំពេញ ខណៈសព្វថ្ងៃមាន ២ទីតាំង នៅភ្នំពេញថ្មី និងឥន្ទ្រទេវី ហើយក្រោយការចុះហត្ថលេខានៅថ្ងៃនេះ ហាងចំនួន ៣ទីតាំងទៀត អាចនឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥នេះ៕