(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នា ជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ នៃស្រុកកោះធំ និងក្រុងសំពៅពូន សរុបចំនួន ១៨១នាក់ និងជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ នៃស្រុកស្អាង សរុបចំនួន ១៥២នាក់។

តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

លោកប្រធានក្រុម បានជម្រាបអំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិធីសាស្ត្រនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ការពង្រឹងបន្ថែមទៅលើការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម ទុក្ខកង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន។

លោកប្រធានក្រុម បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅនៃព្រឹទ្ធសភា នីតិកាលទី៥ និងតួនាទីភារកិច្ច សមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣។

ពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន លោក ម៉ម ប៊ុននាង បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាឃុំ ស្មៀនឃុំ សង្កាត់ ឱ្យពង្រឹងសមត្ថភាពក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានច្បាស់លាស់ និងចូលរួមទប់ស្កាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋានរបស់ខ្លួន ព្រមទាំងជំរុញឱ្យរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវធានាឱ្យមានការចូលរួមផ្តល់មតិ និងយោបល់របស់ប្រជាពលរដ្ឋ, ដាក់ចេញនូវវិធានការប្រើប្រាស់កញ្ចប់ថវិកា សម្រាប់អភិវឌ្ឍន៍មូលដ្ឋានឱ្យបានច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព, ត្រូវលើកកម្ពស់សីលធម៌ និងឥរិយាបថរបស់មន្ត្រី ឱ្យខិតខំបំពេញការងាររបស់ខ្លួន ក្នុងនាមជាអ្នកបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ, លើកកម្ពស់ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋានរបស់ខ្លួន សំដៅប្រឹងប្រែងឆ្លើយតបនូវសំណើ សំណូមពរ និងទុក្ខកង្វល់ ដើម្បីបង្កើននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកប្រធានក្រុម បានជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព តាមរយៈ «គោលនយោបាយចែកដីជូនប្រជាពលរដ្ឋខ្មែរដែលគ្មានដីពិតប្រាកដ»។ គោលនយោបាយនេះ មិនត្រឹមតែបង្កើនថាមពលក្នុងការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដទេ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្មភាពទន្រ្ទានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និងជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការការពារ និងអភិរ្សព្រៃឈើផងដែរ។

ក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានលើកឡើងអំពីសមិទ្ធផល និងស្នាដៃដ៏ច្រើនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងអាទិភាពចម្បងចំនួនពីរនៅក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា ដែលសម្តេចតេជោ បានដាក់ចេញ គឺអាទិភាពទី១ «ការអនុវត្តការទូតសភា» និងអាទិភាពទី២ គឺ «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត»

ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិត បានឆ្លុះបញ្ជាំងអំពីសារៈប្រយោជន៍យ៉ាងច្រើននៃការចុះបញ្ជីអាត្រានុកូលដ្ឋាន ដែលមានទាំងទាក់ទងនឹងការទទួលបានបណ្ណរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ។

បន្ថែមពីនេះ លោក ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាន លើកទឹកចិត្តឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នាំគ្នាទៅចុះបញ្ជីឬឈ្មោះធ្វើប័ណ្ណ ប.ស.ស ជូនសមាជិកដែលឋិតនៅក្នុងបន្ទុករបស់ខ្លួន ព្រមទាំងជំរុញឱ្យប្រធានមណ្ឌលសុខភាពឃុំ និងបុគ្គលិកពេទ្យទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវសុជីវធម៌ តរិយាបទល្អ និងគុណធម៌ក្នុងនាមជាគ្រូពេទ្យ មិនត្រូវរើសអាងចំពោះអ្នកជំងឺណាមួយឡើយ ទោះបីអ្នកជំងឺនោះប្រើប្រាស់ប័ណ្ណ ប.ស.ស ក្តី ឬមិនប្រើប្រាស់ប័ណ្ណ ប.ស.ស ក្តី។

ឆ្លងតាមការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ដាច់ដោឡែកពីគ្នារួចមក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍បូកសរុប និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់អាជ្ញធរស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងបានចំណាយពេលវេលាដ៏មមាញឹកមកចូលរួមពិធីសំណេះសំណាលនេះ ដើម្បីទទួល-ចែករំលែកចំណេះដឹង បទពិសោធន៍ការងារ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានរបស់ខ្លួន ដែលធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ។

លោក ម៉ម ប៊ុននាង បានស្នើឱ្យអាជ្ញាធរក្រុង ស្រុកទាំងបី រួមគ្នាដោះស្រាយបញ្ហានៅមូលដ្ឋានជូនប្រជាពលរដ្ឋ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងសូមប្រកាន់ភ្ជាប់នូវសមធម៌ សុជីវធម៌ មនសិកាវិជ្ជាជីវៈ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។

ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអាហារសម្រន់ ភេស្ជៈ និងថវិកាជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពសុំ សង្កាត់ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ដោយសរុបការចំណាយទាំងអស់ជាង២៨លានរៀល៕