(ប៉ៃលិន)៖ ព្រះសង្ឃជាព្រះភិក្ខុ សាមណេរ និងលោកនេនជាង៨០អង្គ គង់នៅវត្តអូរច្រា ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រួមទាំងកូននាគផងនោះ នៅថ្ងៃព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលបច្ច័យ និងទេយ្យទាន ព្រមទាំងរៀបចំចង្ហាន់ប្រគេនជូនពីប្រជាពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាមមួយគ្រួសារធំ។

លោក ឡុង ជាសប្បុរសជន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមគ្រួសាររបស់លោកដែលដឹកនាំលោកឪពុក មានជន្មាយុជាង៩០ឆ្នាំ បាននាំគ្នាមករៀបចំចង្ហាន់ និងនាំបច្ច័យ ក៏ដូចជាទេយ្យទាន មកប្រគេនដល់ ព្រះសង្ឃដែលគង់នៅក្នុងវត្តអូរច្រា ដោយសារតែ និងមើលឃើញថា វត្តមួយនេះមានព្រះសង្ឃគង់នៅច្រើនអង្គ ដែលជាទទួលបន្ទុកមួយដ៏ធំរបស់ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត។

លោក ឡុង បានរម្លឹកថា កាលពីអតីតកាលឪពុក របស់លោកធ្លាប់រកស៊ីនៅខេត្តប៉ៃលិន កាលពី៣០-៤០ឆ្នាំមុន ហើយស្នាក់នៅក្នុងវត្តមួយនេះ។ វត្តអូរច្រានេះ កាលពីអតីតកាលធ្លាប់មានព្រះសង្ឃមួយអង្គមានព្រះនាម «លោកឪណង» គង់នៅដែលព្រះអង្គមានបារមី និងខ្លាំងពូកែ ដូចលោកឪផ្សេងទៀត ដែលមានភាពល្បីល្បាញខ្លាំងដល់ប្រទេសថៃផងដែរ៕