(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងតែប្រឹងប្រែង រៀបចំឯកសារ «មហាសង្រ្កាន្ត» របស់កម្ពុជា ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ជាក់ស្តែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសោមាទេវី អង្គររីស្សត ក្នុងខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើកទី១ រួចហើយ ស្ដីពី «ការប្រមូលធាតុចូលរៀបចំឯកសារមហាសង្រ្កាន្ត ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ»។
លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងកំពុងតែប្រមូលធាតុចូល ដើម្បីយក «មហាសង្រ្កាន្ត» របស់កម្ពុជាយើង ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ក្រសួងនឹងរៀបចំសិក្ខាសាលាម្តងទៀត ដើម្បីសម្រេចយកឈ្មោះផ្លូវការ ក្នុងការដាក់ស្នើចុះបញ្ជី នៅចុងខែមីនាតែម្តង។
សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពី «ការប្រមូលធាតុចូលរៀបចំឯកសារមហាសង្រ្កាន្ត ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, លោក លី សារី អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា, តំណាងក្រសួង-ស្ថាប័ន មន្ទីរ អង្គការ សមាគម ព្រមទាំងតំណាងលោកតា លោកយាយ មកពីសហគមន៍នានា ចំនួន ១៣០នាក់។
សូមជម្រាបថា សព្វថ្ងៃ មានប្រទេសជាច្រើនលើលោកនេះ ដែលប្រារព្ធសង្ក្រាន្ត រួមមាន៖ បង់ក្លាដេស, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ស្រីលង្កា, ថៃ, ផ្នែកនៃភាគឦសាននៃប្រទេសឥណ្ឌា, ផ្នែកនៃប្រទេសវៀតណាម និងក្រុងស៊ីហ្សួងបាន់ណា (Xishuangbanna) ប្រទេសចិន។
ករណីដែលថៃចុះ «Sangkran in Thailand» ឬ «សង្ក្រាន្តនៅថៃ» តែឯង នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីសង្រ្កាន្តនៅកម្ពុជា ឬនៅប្រទេសផ្សេងទៀត នាពេលខាងមុខទេ។
ពាក្យសង្រ្កាន្តមានលើសិលាចារិកនៅប្រាសាទយើង។ សង្រ្កាន្ត ជាពាក្យសំស្រឹ្កតមានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ទោះជាពិធីប្រារព្ធសង្រ្កាន្តឆ្នាំថ្មី មានប្រភពពីកម្ពុជា ប៉ុន្តែពិធីនេះបានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួន។ ដូច្នេះ សង្រ្កាន្តមកទល់បច្ចុប្បន្នបានក្លាយជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិមួយចំនួន នៅអាស៊ីអាគ្នេយ៍រួចទៅហើយ ហើយបានក្លាយជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។
គួរជម្រាបដែរថា រហូតមកដល់ពេលនេះ មានសម្បត្តិវប្បធម៌ខ្មែរចំនួន ១៣ហើយ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន៤ ជាបេតិកភណ្ឌរូបី និង៦ទៀតជាបញ្ជីបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោក មាន៣។
បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរជាដើម។ ដោយឡែក បេតិកភណ្ឌអរូបី មានដូចជា ក្រមា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្កតោផងដែរ។ ជាមួយគ្នានេះ បញ្ជីស្មារតីចងចាំនៃពិភពលោក មាន៣ រួមមាន បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង, ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ និងរឿងអ៉ីណាវបុស្បា។
កម្ពុជាក៏កំពុងរៀបចំស្នើស្ថានីយ៍ទាក់ទងនឹងការចងចាំ ចំនួន៣ ដែលក្នុងនោះរួមមាន សារមន្ទីរទួលស្លែង បឹងជើងឯក និងមន្ទីរម១៣ ដើម្បីដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ។ បញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក៏មានប្រាសាទភ្នំដាអង្គរបុរី, ប្រាសាទបន្ទាយឆ្មារ, ភ្នំឧត្តុង្គ, ភ្នំគូលែន, ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា៕