(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំបញ្ជាផ្ទាល់កងពលតូចដឹកជញ្ជូនលេខ៩៩ ចុះជួយអន្តរាគមន៍សង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង ចំនួន៤៧៤២ហិកតា ក្នុងឃុំទួលស្តី ឃុំសំរោង និងឃុំច្រស ស្រុកចន្ទ្រា ដែលប្រឈមការកង្វះទឹកស្រោចស្រព។

សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ, ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតា៕

ជាមួយគ្នានេះ ក្រុមការងារបាននិពន្ធបទចម្រៀងមួយមានចំណងជើងថា «ព្រះរាមចន្ទ្រា» ដែលជាបទចម្រៀងថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ ម៉ឹង សំផន ដែលដឹកនាំ និងចុះជួយអន្តរាគមន៍សង្គ្រោះស្រែប្រាំង ជូនប្រជាពលរដ្ឋនៅពេលនេះ៕