(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ដោយអនុញ្ញាតឱ្យអង្គភាពស៊ីម៉ាក់ កែសម្រួលកម្លាំងទាំង២១០រូប ដែលរងផលប៉ះពាល់ដោយសារគម្រោងជំនួយអាមេរិក ឱ្យបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពបានធម្មតា ដោយអ្នកខ្លះបន្តនៅក្នុងកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ដដែល និងមួយចំនួនទៀត ត្រូវទៅបំពេញការងារនៅតំបន់ផ្សេង។

ការបញ្ជាក់របស់លោក ហេង រតនា ធ្វើឡើងក្នុងឱកាសរូបលោក អញ្ជើញជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង​និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពស៉ីម៉ាក់ នាថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ។

លោក ហេង រតនា បញ្ជាក់ថា​ «សម្តេចមហាបវរធិបតី​ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ​និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាព CMAC​ រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ​ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំណូមពរ»

ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាព CMAC ទាំងមូល លោក ហេង រតនា សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតី​ ដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនេះ។

សូមជម្រាបថា អង្គការដៃគូដែលទទួលបានជំនួយពីរដ្ឋាអាមេរិក សម្រាប់គាំទ្រដល់ការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាម បានដោយស្នើសុំអង្គភាព CMACធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការ ដែលស្ថិតនៅក្នុងគម្រោងជំនួយ របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ស៉ីម៉ាក់បញ្ជាក់ថា ទោះបីគ្មានជំនួយរបស់អាមេរិក ក៏កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC នៅតែបន្ដដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការ NPA អង្គការ APOPO និងអង្គការ MAG៕