(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង ជំនាញព្រហ្មទណ្ឌ និងអធិការដ្ឋានស្រុករលាប្អៀរ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីក្មេងជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ។
ការស្រាវជ្រាវនេះ បានផ្តល់លទ្ធផលឃាត់ខ្លួនក្មេងទំនើងចំនួន១០នាក់ និងម៉ូតូចំនួន៩គ្រឿង ដែលមានករណីបង្ហោះម៉ូតូពិតប្រាកដ។ ពួកគេបានសារភាពថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី ពួកគេបានជិះម៉ូតូតំរៀបលើផ្លូវថ្នល់ជាតិ ដើម្បីថតរូប និងថតជាវីដេអូ ខណៈពេលដែលមាន២នាក់ក្នុងចំណោមពួកគេ បានធ្វើអំពើបង្ហោះម៉ូតូ។
អំពីការចាត់វិធានការចំពោះករណីនេះ សមត្ថកិច្ចបានយកក្មេងទាំង១០នាក់ មកធ្វើការអប់រំ និងដាក់វិន័យតាមរដ្ឋបាល។ ក្នុងនោះមានម៉ូតូចំនួន២គ្រឿង ត្រូវបានរក្សាទុករយៈពេល៣ខែ។
សូមជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ក្នុងការបង្ក្រាបក្មេងទំនើង និងការជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណៈ។ គ្រប់ករណីបង្ហោះម៉ូតូលើកទីមួយ នឹងត្រូវឃាត់យកម៉ូតូរក្សាទុករយៈពេល៣ខែ ខណៈដែលការប្រព្រឹត្តលើកទីពីរនឹងមានការរឹតត្បិតបន្ថែមទៀត៕