(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងបន្តបូកសរុបការងារគណបក្សស្រុក តាំងគោក ប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅសម្រាប់ការងារថ្មីៗបន្តទៀត សម្រាប់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក។
ពិធីនេះក៏មានការចូលរួមពីអនុប្រធានទី១ អនុប្រធានទី២ អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក ប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ ប្រធាន អនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំ សរុបប្រមាណ ១៥០នាក់។
នាឱកាសនោះលោក ថោង សុគន្ធ ប្រធានលេខាធិការដ្ឋានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក បានឡើងអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាទាំងស្រុង ជូនដល់អង្គប្រជុំដែលបានចូលរួមផងដែរ។ បន្ទាប់ពីនេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានឡើងធ្វើរបាយការណ៍សង្ខេបពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍ ក្នុងមូលដ្ឋាន និងការងារគណបក្សប្រចាំខែកុម្ភៈ និងបញ្ហាប្រឈមផ្សេងៗ រួមទាំងទិសដៅសម្រាប់ការអនុវត្តបន្ត ជូនដល់អង្គពិធីផងដែរ។
នាឱកាសនោះដែរលោកបណ្ឌិត ថោង ខុន ក៏បានគូសរំលេចពីប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីបិទសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ និងប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយលោកក៏បានណែនាំឱ្យប្រធានក្រុមកាងារ ចុះមូលដ្ឋានឃុំទាំង០៨ ធ្វើការផ្សព្វផ្សាយបន្តអំពីខ្លឹមសារនៃសន្និបាតនេះ ទៅដល់មូលដ្ឋានឃុំ របស់ខ្លួន។
ជាមួយគ្នានោះដែរពាក់ព័ន្ធកាងារក្នុងមូលដ្ឋាន លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យរដ្ឋបាលស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្រាប ក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ទប់ស្កាត់បញ្ហាឆបោកតាមប្រព័ន្ធអនឡាន និងបញ្ហាកម្ចីប្រាក់តាមអនឡាញផងដែរ។ បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន, ការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាជន និងការផ្តល់នូវយុត្តិធម៌សង្គម ពិសេសការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។
ពាក់ព័ន្ធការងារគណបក្សក្នុងមូលដ្ឋានផងដែ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឲ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ក្តាប់ឲ្យជាប់នូវសភាពការណ៍ និងសតិអារម្មណ៍នយោបាយនៅមូលដ្ឋាន និងធ្វើការវាយបក ឱ្យបានទាល់ពេលវេលាចំពោះមជ្ឈដ្ឋានអគតិ និងក្រុមប្រឆាំង ដែលបានញុះញុង បំផុសបំផុល បំភ្លើស និងមួលបង្កាច់មកលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ព្រមជាមួយនេះ ត្រូវបន្តជួយកសាង ជួលជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារខិតខំកសាង និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព តាមសន្ទស្សន៍ដែលបានកំណត់ ជាពិសេសផ្តោតលើយុវជនដែលគ្រប់អាយុបោះឆ្នោត ដោយមន្រ្តីគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវចុះឱ្យដល់ភូមិ និងមានផែនការច្បាស់លាស់ក្នុងការបញ្ជូលសមាជិកបក្ស។ ទទ្ទឹមនេះដែរ ក្រុមការងារត្រូវយកចិត្តទុកដាក់ជួយដល់យុវជន និងសិស្សដែលត្រូវបន្តការសិក្សា ថ្នាក់ឧត្តម រួមទាំងសិស្សក្រីក្រឱ្យទទួលបានអាហារូបករណ៍ និងចាប់យកជំនាញវិជ្ជាជីវៈដែលខ្លួនពេញចិត្ត ដើម្បីទទួលបានអនាគត់ដ៏ល្អប្រសើរ។
ជាមួយគ្នានោះដែរ មន្រ្តីគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបន្តខិតខំធ្វើអំពើល្អ, បន្តចុះជាប់នៅមូលដ្ឋានឃុំ ភូមិ ក្រុម ខ្នងផ្ទះ គ្រួសារបក្ស និងសមាជិកបក្ស ដើម្បីសួរសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល និងពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីបញ្ហាផ្សេងៗ ដែលនាំឱ្យតម្លៃកសិផលមានការថយចុះ៕