(ពោធិ៍សាត់)៖ សមិទ្ធផលថ្មី នៃសំណង់ព្រះពុទ្ធប្បដិមា ទ្រង់ឈរកម្ពស់២៧,៩ម៉ែត្រ «ក្នុងកាយវិការវិតក៌មុទ្រា និងវរមុទ្រា» ក្នុងវត្តចន្ទរង្សី ហៅវត្តរំលេច ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានតម្លៃ ៣៨០,៧៦៨ដុល្លារ ឬប្រមាណ ១,៥៦១,១៤៨,៨០០រៀល ត្រូវបានប្រារព្ធពិធីបុណ្យអភិសេកឆ្លង នាថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃកម្ពុជា និងសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម។

ពិធីនេះបានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកស្រី ជា ខេង ស៊ុយសែម (ស្ថាបនិកមរតស្ថាបត្យកម្ម), លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។

បើតាមលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាស្ថាបនិកមរតស្ថាបត្យកម្មនេះ បានឱ្យដឹងថា ការសាងសង់ព្រះពុទ្ធប្បដិមា ទ្រង់ឈរនេះឡើង គឺជាបំណងប្រាថ្នា របស់លោកមុនចូលនិវត្តន៍ ដើម្បីទុកជូនជាមរតកស្ថាបត្យកម្ម ក្នុងព្រះពុទ្ធសាសនាចុងក្រោយរបស់លោក សម្រាប់ពុទ្ធសាសនិកទាំងអស់ ជាពិសេសប្រជាពលរដ្ឋខេត្តពោធិ៍សាត់ជំនាន់ក្រោយ។

លោកបន្តថា ដោយមមាញឹកខ្លាំងក្នុងការងារ និងក្នុងការទទួលខុសត្រូវ តាមភារៈកិច្ចប្រគល់ជូន ដោយរាជរដ្ឋាភិបាល គាប់ជួនពេលវេលាមួយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាអធិបតី ក្នុងពិធីសម្ភោធសមិទ្ធិ ផល រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅវត្តចន្ទរង្សី ហៅវត្តរំលេច ក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ លោកក៏មានចំណាប់អារម្មណ៍ និងស្រលាញ់ជាប់ចិត្តយ៉ាងខ្លាំង ចំពោះភាពស្រស់ស្អាត បរិស្ថាន អនាម័យល្អ និងស្នាមញញឹមរីករាយរាក់ទាក់ ស្វាគមន របស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានមកចូលរួម។ លោកក៏បានសម្រេចចិត្ត ថានឹងធ្វើការសាងសង់ព្រះពុទ្ធប្បដិមាទ្រង់ឈរមួយអង្គនៅទីតាំងវត្តនេះ ដើម្បីសម្រេចបានតាមបំណងប្រាថ្នាលោកតែម្តង។

លោក ស៊ុយ សែម បន្ថែមថា ស្របតាមបំណងប្រាថ្នានេះ ប្លង់រចនានៃសំណង់ព្រះពុទ្ធប្បដិមាទ្រង់ឈរ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដោយស្ថាបត្យករ និងអ្នកជំនាញខាងវប្បធ៌ម និងសាសនា ជាពិសេសត្រូវបានប្រកាសជាផ្លូវការ អំពីគម្រោងសាងសង់ព្រះពុទ្ធប្បដិមា និងប្រារព្ធពិធីក្រុងពាលី នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ស្របពេលគ្នា ជាមួយនឹងការប្រារព្ធកម្មវិធីបុណ្យកតញ្ញូ ជូនតាយាយចាស់ៗ សមាជិកបណ្តាញនិវត្តជន និងអតីតយុទ្ធជន។

លោកបានជម្រាបជូនទៀតថា ការសាងសង់ បានចាប់ផ្តើមនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ និងប្រើរយៈពេលសរុប អស់ចំនួនប្រមាណ១៤ខែ ទើបបានបញ្ចប់ជាស្ថាពរ រួមមានសមិទ្ធិផល៖

ទី១៖ ព្រះពុទ្ធប្បដិមាទ្រង់ឈរ និងពុទ្ធាសនៈ កម្ពស់សរុប២៧,៩ម៉ែត្រ
ទី២៖ ចម្លាក់តោថ្មពីសិលាក្រែពីខេត្តសៀមរាប ចំនួន២
ទី៣៖ សំណង់នរសឹង្ហពីបេតុង ចំនួន៦
ទី៤៖ កម្រាលក្រានីតជុំវិញព្រះពុទ្ធប្បដិមា មាន៣ជាន់ ទំហំសរុប៦០២ម៉ែត្រក្រឡា
ទី៥៖ ផ្លូវចូលពីខ្លោងទ្វារវត្ត ដល់ព្រះពុទ្ធប្បដិមា ក្រាលក្រានីត សរុបប្រវែង១០៤,២៥ម៉ែត្រ និងទទឹង៦,៨ម៉ែត្រ។

លោកបានគូសបញ្ជាក់ ថវិកាសរុបសាងសង់ ទាំងអស់គឺមានចំនួន៣៨០,៧៦៨ដុល្លារអាមេរិក ឬប្រមាណ ១,៥៦១,១៤៨,៨០០រៀល។ ថវិកាទាំងនេះ ជាធនធានផ្ទាល់ខ្លួន របស់លោក និងភរិយា រួមទាំងសប្បុរសជនមួយចំនួនផ្សេងទៀត ដែលមានសទ្ធាជ្រះថ្លាចូលរួមចំណែកពី «លោក ជា ហ៊ុយ និងភរិយា, អ្នកឧកញ៉ា ផៃ ហុកឈួន និងអ្នកឧកញ៉ា អ៊ុង ស៊ីស៊្រុន, លោក ជា សុផារ៉ា និងលោកស្រី តាន់ ម៉ាលី, អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង, ខូយ រីដា និងលោកស្រី, លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា, លោកស្រី ឡាវ គឹមលាង, ឧកញ៉ា ថុង អ៊ុយប៉ាង និងលោកស្រី យិន ផានី, អ្នកស្រី យឹម ណារ៉េត និងក្រុមគ្រួសារ, លោក វិញ ទ្រី អ្នកស្រី ឈឺ សុភាព ក្រុមហ៊ុនU90, លោក សាត សាមុទ្រ និងលោកស្រី ស៊ុយ ដូនីន រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ»

លោកសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានចូលរួមចំណែក ប្រកបដោយសទ្ធា ជ្រះថ្លាជាទីបំផុត ក្នុងការសាងសង់ព្រះពុទ្ធប្បដិមា រហូតបានសម្រេចជាស្ថាពរ ជាពិសេសក៏សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងល្អប្រសើរ ក្នុងការជួយ និងផ្តល់កិច្ចសម្របសម្រួល ដល់ក្រុមការងារសាងសង់ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព និងការឯកភាពជាតិ៕