(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានចូលវិភាគទានជាថវិកាចំនួន ៥០០ ០០០ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានបីតិសោមនស្សរីករាយ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏សប្បុរសជ្រះថ្លារបស់ អ្នកឧកញ៉ា និងលោក ជំទាវ ព្រមទាំង ក្រុមគ្រួសារ ដែលបានចូលវិភាគទានជាថវិកាចំនួន ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមការអំពាវនាវរបស់ខ្ញុំ។ វិភាគទាននេះ គឺជាការចូលរួមចំណែកដ៏ធំធេង ដល់ការកសាងធនធាន និងមូលធនមនុស្សសម្រាប់សម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ ២០៥០»។
ជាមួយនេះ ខ្ញុំក៏សូមកោតសរសើរដ៏ស្មោះចំពោះទឹកចិត្តសប្បុរស និងស្នេហាជាតិ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ដែលជានិច្ចកាល តែងតែចូលរួមជួយ សម្រាលបន្ទុករបស់រដ្ឋ និងប្រជាជនកម្ពុជាយើងជារៀងរហូត។
ខ្ញុំសូមឆ្លៀតឱកាសនេះ ជូនពរចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ បានជួបប្រទះតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕