(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម នៅវិមាន៧មករា។

សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់ នាពេលនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជា អនុប្រធាន សមាជិក អចិន្ត្រៃយ៍ និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ប្រមាណជាង ៧០រូប។

ជាកិច្ចចាប់ផ្តើម រដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្តស្មារតី និងធនធានផ្ទាល់ខ្លួនរួបរួមគ្នាបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនលើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងការងារឃោសនាអប់រំ ការងារត្រួតពិនិត្យ ការងារហិរញ្ញវត្ថុការងារចលនាមហាជន និងការងារយុវជន ព្រមទាំងបានចូលរួមអនុវត្តការងារសំខាន់ៗដទៃទៀត ដែលគណបក្សប្រគល់ជូនបានយ៉ាងល្អប្រសើរ។

លើសពីនេះ រដ្ឋមន្ត្រីបានលើកឡើងពីការបញ្ចប់សង្គ្រាម ស៊ីវិលដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិទឹកដីទាំងស្រុងតាំងពីឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា ហើយធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីប្រធានគណៈកម្មាធិការគណបក្សក្រសួង ធនធានទឹក និងឧតុនិយម បានជំរុញដល់សមាជិក សមាជិកា ក្រុមការងារគណបក្សទាំងអស់ ចូលរួមការពារជាដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ ព្រមទាំងបំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារឱ្យបានជាដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជក់ថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជា សម្រេចបាននូវការផ្លាស់ប្ដូរធំៗជាវិជ្ជមានប្រកបដោយមោទនភាពបំផុតជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចសង្គមកិច្ច។ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះបានធ្វើឱ្យកម្ពុជាចាកចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបហើយ កំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីគណបក្សទាំងអស់ត្រូវពង្រឹងស្មារតីពុះពារអប់រំកសាងខ្លួន និងខិតខំរៀនសូត្រជាប្រចាំហើយត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន មានពេលវេលាចុះដល់មូលដ្ឋានដែលប្រជាជនរស់នៅនិងប្រកបអាជីវកម្មស្វែងយល់ពីបញ្ហាដែលបានកើតឡើង និងជួយស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ហើយជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យបានសកម្ម ផុលផុសនៅតាមមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបំផុសចលនាឱ្យមានការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕