(ក្រចេះ)៖ លោកស្រី ឡេង ដាវី អនុប្រធានសមាគមន៍ថ្មអារកម្ពុជា បានសម្ដែងនូវការដឹងគុណ និងគោរពអរគុណ ចំពោះសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការភ្លាមៗ ដើម្បីជួយសង្រ្គោះអាជីវកម្មថ្មអារ នៅក្នុងប្រទេសកម្ពុជា ដែលជួបនូវវិបតិ្តធ្ងន់ធ្ងរកាលពីឆ្នាំ២០២៣កន្លងទៅ។

ការសម្ដែងនូវការដឹងគុណ និងអរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត របស់លោកស្រី ឡេង ដាវី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នៅក្នុងក្រុមហ៊ុនថ្មអារ RITHY GRANTE ដែលមានទីតាំងនៅក្នុងភូមិវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកស្រី ឡេង ដាវី បានបញ្ជាក់ឱ្យដឹងថា៖ «បើសិនជាមិនមានការជួយទាន់ពេលវេលា និងលឿនរហ័សត្រឹមតែ១០ប៉ុណ្ណោះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ម្ល៉េះអាជីវកម្មថ្មអារនៅក្នុងប្រទេសកម្ពុជានេះ អាចនឹងត្រូវប្រឈមនឹងការបាត់បង់ទាំងស្រុង ដោយសារតែព្យាយាមដោះស្រាយដោយខ្លួនឯងអស់រយៈពេល៣ឆ្នាំទៅហើយ តែមិនទទួលបានលទ្ធផលអ្វីទាំងអស់»។

មេរៀនដ៏ជោគជ័យដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺបានដោះស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ តែសម្ដេចបានជួយឱ្យងើបឡើងវិញហើយកើនបានរហូតដល់ទៅ៤ដង។

កត្តាគន្លឹះសំខាន់នៃភាពជោគជ័យដែលសម្ដេចបវរធិបតី បានយកមកដោះស្រាយឈរលើគោលការណ៍សំខាន់ចំនួន៤ គឺ...
ទី១៖ ហ៊ានវះកាត់
ទី២៖ មានយន្តការច្បាស់លាស់ក្នុងការរត្រួតពិនិត្យ តាមដាននិងជំរុញការអនុវត្ត
ទី៣៖ មន្ត្រីអនុវត្តទាំងអស់ត្រូវអនុវត្តដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម និងបានជួយដល់វិស័យឯកជនក្នុងពេលមានការលំបាក
ទី៤៖ វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និងស្រុះគ្នា។

សូមជម្រាបថា ក្រោយការជួយសង្រ្គោះពីការដួលរលំទាំងស្រុងនៃអាជីវកម្មថ្មអារ បច្ចុបអាជីវកម្មនេះមានសន្ទុះកើនឡើងចំនួន៤ដង និងបានទាញចំណូលចូលដល់ថវិកាជាតិរហូតដល់ទៅ ៩០លានដុល្លារកាលពីឆ្នាំ២០២៤កន្លងទៅ៕