(កំពត)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Cambodia Digital Divide Data) សម្របសម្រួលដោយមន្ទីរទេសចរណ៍ខេត្តកំពត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីដាំកូនកោងកាង ប្រមាណជិត៤០០ដើម ក្រោមប្រធានបទ «ព្រៃកោងកាងជាកំណប់សហគមន៍ និងជាជំរំទេសចរណ៍» នៅសហគមន៍ទេសចរណ៍កំពង់សាមគ្គី ដែលមានទីតាំងស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ និងកញ្ញា អឹម សុភាព នាយិការអង្គការប្រព័ន្ធទិន្នន័យកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពត អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងក្រុមការងារអង្គការប្រព័ន្ធទិន្នន័យកម្ពុជា ប្រមាណ៧០នាក់។

កម្មវិធីដាំដើមកោងកាងនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងអង្គការប្រព័ន្ធទិន្នន័យកម្ពុជា ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវផែនការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមដោយផ្ទាល់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញសកម្មភាពដាំដើមឈើឱ្យប្រែក្លាយជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ប្រកបដោយភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ពិធីដាំដើមកោងកាងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី ធនធានជីវចម្រុះដ៏សម្បូរបែប ដែលបាននឹងកំពុងរងនូវផលប៉ះពាល់, ចូលរួមចំណែកទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព កាត់បន្ថយប្រភពនៃការកើនឡើងកំដៅភពផែនដី និងទប់ស្កាត់គ្រោះធម្មជាតិ ដូចជាទឹកជំនន់ខ្យល់ព្យុះជាដើម, ចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់, រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកបដោយការទាក់ទាញសម្រាប់ភ្ញៀវទេសចរ (Experiential & memory tourism product), ចូលរួមដល់យុទ្ធសាស្រ្តទាក់ទាញទេសចរឱ្យមកទស្សនាច្រើនដង (Repeat Tourist), ចូលរួមជំរុញយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក «ដាំដើមឈើផ្តើម ចេញពីអ្នក» ឬ «ទេសចរម្នាក់ ដើមឈើមួយដើម» (ONE TOURIST ONE TREE)។

លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានគូសបញ្ជាក់ថា ពិធីដាំកូនកោងកាង នាពេលនេះ មានអត្ថន័យសំខាន់ណាស់សម្រាប់ជាសារមួយជួយបំផុសស្មារតីដល់មហាជនឱ្យបានយល់ដឹងអំពីគុណប្រយោជន៍ នៃដើមកោងកាង និងជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋចូលរួម ស្រលាញ់ ថែរក្សាដើមកោងកាង ដែលជាធនធានធម្មជាតិដ៏មានសារសំខាន់សម្រាប់ជីវិតមនុស្ស និងសត្វ។

ទន្ទ្រឹមនេះ ប្រធានប្រធាននាយកដ្ឋាន ក៏បានចូលរួមអបអរសាទរចំពោះសហគមន៍ទេសចរណ៍កំពង់សាមគ្គី ដែលទទួលបានជ័យលាភីស្តង់ដាផ្ទះស្នាក់អាស៊ាន (ASEAN Homestay Standard) ក្នុងឱកាសវេទិកាទេសចរណ៍ (ATF) នៅទីក្រុងចូហូ (Johor) ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នាពេលកន្លងទៅថ្មីៗនេះ។

លោក ចាន់ ខេមរិទ្ធ បានបន្តថា តាមការវាយតម្លៃរបស់អាស៊ាន សហគមន៍ទេសចរណ៍នេះ គឺបានខិតខំអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ កសាងហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋាន បង្កើនផលិតផលទេសចរណ៍ថ្មីៗ កែលម្អផលិតផលទេសចរណ៍ ដែលមានស្រាប់ ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរផងដែរ។

លោក ចាន់ ខេមរិទ្ធ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះគំនិតផ្ដួចផ្ដើមរបស់អង្គការប្រព័ន្ធទិន្នន័យកម្ពុជា និងអរគុណចំពោះការជ្រើសរើសសហគមន៍ទេសចរណ៍កំពង់សាមគ្គី ជាគោលដៅសម្រាប់ដាំដើមកោងកាងដ៏មានសារៈសំខាន់នេះ៕