(ភ្នំពេញ)៖ ស្ថានភាពភ្លើងឆេះព្រៃនៅកម្ពុជា មិនដូចការផ្សព្វផ្សាយនៅ FIRMS (Fire Information for Resource Managemet System) នោះឡើយ។

គេហទំព័រ FIRMS បានបង្ហាញចំណុចដៅពណ៌ក្រហមយ៉ាងដេរដាស​ពេញ​ផែនទីប្រទេសកម្ពុជា។ បើមើលតាមរយៈចំណុចដៅពណ៌ក្រហមនេះ គឺស្មើនឹងព្រៃឈើរបស់កម្ពុជា គឺឆេះស្ទើរតែគ្រប់ទីកន្លែង។

ទិន្នន័យដែលបង្ហាញលើគេហទំព័រ FIRMS បានធ្វើឱ្យផ្ទុះការចាប់​អា​រម្មណ៍ និងចែករំលែកច្រើន បន្ទាប់ពីលោក ខេស៊ី បាណេត នាយកគ្រប់​គ្រង CamEd ចែករំលែកលើទំព័រហ្វេសប៊ុករបស់លោក។

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា យោងតាមទិន្នន័យ​របស់មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC)ករណីសង្ស័យពីទីតាំងមានភ្លើងឆេះ (Hotspot) ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានថយចុះមកត្រឹម១០១ចំណុច។

តាមរយៈព័ត៌មាននេះ ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស​មន្ទីរ​បរិស្ថាន បានចុះពិនិត្យ ផ្ទៀងផ្ទាត់ ពន្លត់ និងទប់ស្កាត់ជាប្រចាំ។ ចំពោះករណីភ្លើងឆេះដែលបាននិងកំពុងកើតមានឡើង គឺមិនមែនជាការ​ឆេះ​ព្រៃ​ធ្ងន់ធ្ងរនោះទេ ប៉ុន្តែជាការឆេះសំរាម ស្បូវ ស្មៅ និងជញ្ជាំងស្រូវ តែប៉ុណ្ណោះ។

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានអំពាវនាវ​ដល់​សាធារណៈជនឱ្យមានការប្រុងប្រយ័ត្ន ដោយចូលរួមការពារកុំឱ្យ​មាន​ករណីភ្លើងឆេះកើតឡើងតាមរយៈការមិនដុតសំរាម ស្បូវ ស្មៅ និងជញ្ជ្រាំង​ស្រូវ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន និងជីវៈចម្រុះ៕

(រូបភាពពីមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន)

(រូបភាពពី FIRMS)