(ភ្នំពេញ)៖ ក្នុងពេលចុះត្រួតពិនិត្យផ្លូវថ្មើរជើង Walk Street នារាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវឱ្យយុវជន ក៏ដូចជាអ្នកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង Walk Street នាំគ្នាទៅអានសៀវភៅ នៅបណ្ណាល័យចល័ត ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គឺការអានសៀវភៅ ដើម្បីបំណិននៃការចេះដឹងបន្ថែមទៀតនូវវប្បធម៌ជាតិ។

ចំណែកលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅរាត្រីថ្ងៃទី១៥ កុម្ភៈនេះ បានឱ្យដឹងដែរថា សម្រាប់ផ្លូវថ្មើរជើង Walk Street នាសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែមទៅតាមការចង្អុលបង្ហាញរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះរួមមានការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន។

លោកស្រី ដោ សម្ផស្ស បានបន្តថា ផ្លូវថ្មើរជើង (Walk Street) នៅសប្តាហ៍ទី៣នេះ មានការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ដូចជាការគូសគំនូរយកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំក្ងោង របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ គូសគំនូរ និងផាត់ព័ណ៌ជាដើម។ ជាមួយគ្នានេះ រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេចរៀបចំកែសម្រួលតម្រាយខ្សែរត់ និងបន្ថែម ម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងចំនួន ៣ខ្សែ ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង ចាប់ពីចុងសប្តាហ៍នេះតទៅ។ បន្ថែមពីនេះ សមាគមត្រីចក្រយានកម្ពុជា បានរៀបចំដាក់ស៊ីក្លូ សរុបក្នុងមួយថ្ងៃចំនួន ១០គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរទស្សនាកម្សាន្ត តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដោយបានកំណត់គោលដៅឈរ ជើងរៀងៗខ្លួន។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង ២ថ្ងៃ ក្នុង១សប្ដាហ៌ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ។

លោកស្រីអ្នកនាំពាក្យរូបនេះបន្តថា ផ្លូវថ្មើរជើង (Walk Street) នឹងមានអ្នកមកលេងកាន់តែច្រើនបន្ថែមទៀត ពីព្រោះយើងអាចរៀបចំកន្លែងសប្បាយភាព និងដាក់របស់របរសំរាប់កំសាន្តច្រើនប្រភេទ៕