(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណបក្ស ទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានគូសរម្លឹកពីប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីបិទសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។
ជាមួយគ្នានេះ លោកលោកសាស្ដ្រាចារ្យ ឈាង រ៉ា បានលើកយកនូវយុទ្ធសាស្ដ្រគន្លឹះរបស់គណបក្សប្រជាជនកម្ពុជា និងភាពជោគជ័យយ៉ាងត្រចះ ត្រចង់ ជូនដល់សមាជិក សមាជិកា។ ក្នុងឱកាសនោះសមាជិក សមាជិកានៃអង្គសន្និបាត បានសម្ដែងនូវការអបអរសាទរ និងគាំទ្រខ្ពស់ចំពោះថ្នាក់ដឹកនាំផងដែរ។
ទន្ទឹមនឹងភាពជោគជ័យនេះ លោកលោកសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានផ្ដល់អនុសាសន៍សំខាន់ៗជាច្រើន និងបានណែនាំដល់សមាជិក សមាជិកា បន្ដពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ្ញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។
លើសពីនោះលោកសាស្ដ្រាចារ្យ បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព លើការងារគ្រប់គ្រងសមាជិកបក្ស ដោយរក្សាចាស់ បង្កើនថ្មី, ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស និងការងារចិញ្ចឹមចលនានៅមូលដ្ឋានជាដើម។
លោកសាស្រ្ដចារ្យបានថ្លែងទៅកាន់អង្គសន្និបាតថា «យើងក៏ដូចជាប្រជាពលរដ្ឋយើងបានរងគ្រោះពីសង្គ្រាមច្រើនហើយ យើងកុំសងបំណុលជូនជំងឺនៅពេលដែលប្រទេសយើងរីកចម្រើន ត្រូវតែយល់ដឹងនិងថែទាំសុខភាពយើងឱ្យបានល្អ ដូច្នេះត្រូវផ្ដើមចេញពីមន្ដ្រីសុខាភិបាលយើង ហើយមន្ដ្រីសុខាភិបាល ត្រូវតែបន្ដអប់រំផ្សព្វផ្សាយអំពីការថែទាំសុខភាពជូនប្រជាពលរដ្ឋយើងជាប់ជានិច្ចផងដែរ»។
ជាចុងក្រោយណែនាំលោកសាស្ដ្រាចារ្យណែនាំដល់ឱ្យក្រុមការងារទាំងអស់ ធ្វើការងារប្រកបដោយបុរេសកម្ម ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ពិសេសលើបញ្ហាសុខភាព ខណៈដែលកន្លងមកក្រុមការងារបានបំពេញការងារនេះបានយ៉ាងល្អក៏ដោយ៕