(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ជាសហព័ន្ធកីឡាជាតិដែលមានប្រវត្តិ និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨០ ហើយបាននិង កំពុងដំណើរការអនុវត្តការងារសកម្មភាព ឈរលើបេសកកម្មរបស់ខ្លួន អស់រយៈពេល៨អាណត្តិមកហើយ។

រហូតមកទល់បច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី ខេត្តជា សមាជិកចំណុះ ចំនួន២៣ និងក្លឹបចំណុះឱ្យសមាគម ចំនួន១៤៤ក្លឹប។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនស្ថិតនៅក្រោមសហព័ន្ធគុនខ្មែរអន្តរជាតិឡើយ សហព័ន្ធមិនដែលបាន ធ្វើលិខិតជាលាយល័ក្ខអក្សរស្នើសុំចូលជាសមាជិកសហព័ន្ធគុនខ្មែរអន្តរជាតិម្ដងណាឡើយ។

យោងប្រការ៦ ជំពូកទី៣ នៃលក្ខន្តិកៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចែងយ៉ាងច្បាស់អំពីបេសកកម្ម របស់សហព័ន្ធ មានសិទ្ធិគ្រប់គ្រាន់ក្នុងការ “ដឹកនាំ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក” ត្រូវបានអនុម័តដោយអង្គមហាសន្និបាត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា។

នេះបានសបញ្ជាក់ឱ្យឃើញថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានបុព្វសិទ្ធិ និងស្វ័យភាពពេញលេញ ក្នុងការផ្សព្វ ផ្សាយ និងរៀបចំរាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរ គ្រប់ទម្រង់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមិន អនុញ្ញាតឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិមកជ្រៀតជ្រែកជាដាច់ខាត។

ជាថ្មីម្តងទៀត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាបថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនមែនជាសមាជិកសហព័ន្ធគុនខ្មែរអន្តរជាតិនោះទេ។

រាល់សេចក្តីសម្រេច ឬការ ចាត់តាំងណាមួយ ចេញដោយសហព័ន្ធគុនខ្មែរអន្តរជាតិ គឺមិនមានអនុភាពអនុវត្តលើសមាគម និងក្លិបដែលជា
សមាជិករបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៃព្រះរាជាណាចក្រកម្ពុជាឡើយ។