(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាប្រកាសថា រដ្ឋសភានឹងវ៉ាកងរយៈពេល ៣ខែ ក្រោយបានអនុម័តច្បាប់ចំនួន២ ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។
ការប្រកាសពីវិស្សមកាលនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បន្ទាប់ពីរដ្ឋសភាបញ្ចប់សម័យប្រជុំ លើកទី៣ នីតិកាលទី៧ ដើម្បីប្រជុំពិភាក្សាអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន២។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា «ដោយសារសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានដំណើរការមកដល់ពេលនេះ គឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរយៈពេលជាង ៣ខែហើយ ដូច្នេះរដ្ឋសភាសូមប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាល៧ ចាប់ពីថ្ងៃនេះតទៅ»។
សូមជម្រាបថា វិស្សមកាលអំឡុង៣ខែនេះ គឺជាការទុកពេលឲ្យតំណាងរាស្រ្តទាំងអស់ ចុះទៅកាន់មូលដ្ឋានរបស់គេរហូតដល់ វេលាបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧៕