(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវចៀសវាងដាច់ខាត ការប្រព្រឹត្តនូវបទល្មើសខុសច្បាប់នានា ដែលខុសនឹងច្បាប់រដ្ឋ ជាពិសេសបទល្មើសគ្រឿងញៀន។

បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៩១ កងពលតូចអន្តរាគមន៍ លេខ៩ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីនាយទាហាន នាយទាហានរងមកពីតាមកងឯកភាពជាច្រើនទៀត។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រការពារបិតាស្ថាបនិកសន្តិភាពសម្តេចតេជោ ហ៊ុន សែន និងការពាដាច់ខាតនាយករដ្ឋមន្ត្រីស្របច្បាប់ ប្រសូតចេញពីការបោះឆ្នោតជ្រើសតាំងរបស់ប្រជាជន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង។

លោកថា ពេលត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវយកចំណេះដឹង ដែលខ្លួនបានសិក្សារៀនសូត្រ ពីសាលាហ្វឹកហ្វឺន ប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងជាគម្រូក្នុងការបំពេញភារកិច្ចសម្រេចបានជោគជ័យ តាមបទបញ្ជា របស់ថ្នាក់លើប្រគល់ឱ្យ ត្រូវខិតខំអនុវត្តហ្វឹកហាត់រំលឹកមេគុននីមួយៗឱ្យត្រូវតាមច្បាប់ក្បួន ពង្រឹកកាយសម្បទាអត្តពលកម្មឱ្យបានរឹងមាំដោយខ្លួនឯងផ្ទាល់ និងគោរពវិន័យ បទបញ្ជា របស់មេបញ្ជាការឱ្យបានម៉ឺងម៉ាត់។

ត្រូវពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ សាមគ្គីល្អជាមួយបងប្អូនរួមជំនាន់ ចៀសវាងដាច់ខាតនូវបទល្មើសនានាដែលខុសនឹងច្បាប់រដ្ឋ ជាពិសេសត្រូវចៀសវាងដាច់ខាតចំពោះបញ្ហាគ្រឿងញៀន ចូលរួមយ៉ាងសកម្មក្នុង ចលនាប្រលងប្រណាំងបង្កើនស្នាដៃជូនអង្គភាពនិងបុគ្គល ដោយត្រូវយកចិត្តទុកដាក់ហ្វឹកហាត់នូវចំណេះទាំងនោះឱ្យស្ទាត់ជំនាញ និងមានគុណភាពខ្ពស់ ជាពិសេសមុខវិជ្ជាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដើម្បីអភិរក្សរក្សាស្នាដៃកេរ្ត៍ដំណែលរបស់បុព្វបុរស នៃយើងដែលបានចងក្រង និងបន្សល់ទុកឲ្យបានគង់វង្ស ទោះបច្ចុប្បន្នកំពុងស្ថិតក្នុងសម័យបច្ចេកទេសអាវុធយុទ្ធភ័ណ្ឌទំនើបក៏ដោយ និងដើម្បីចូលរួមប្រលងប្រណាំង ថ្នាក់ជាតិបង្កើនស្នាដៃជូនអង្គភាពនាថ្ងៃអនាគតផងដែរ។

លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ បានកោតសរសើរគ្រូយោធាចារ្យ ដែលមកពីកងពលតូចលេខ៤១ ដែលបានជួយបង្ហាត់បង្រៀនរយៈពេល៤៥ថ្ងៃ តែជាក់ស្តែងការហាត់បានតែ៣២ថ្ងៃ ស្មើរនិង២២៤ម៉ោងប៉ុណ្ណោះ និងអរគុណដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលខិតខំប្តេជ្ញាយកចិត្តទុកដាក់ រៀនសូត្រ ក្នុងរយៈពេលខ្លីរហូតទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានឧបត្ថម្ភថវិកាជូនសិក្ខាកាមចំនួន១៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល និងជូនគ្រូយោធាចារ្យ៦នាក់ក្នុងម្នាកក់ទទួលបានថវិកា៥០០.០០០រៀល។ បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានឧបត្ថម្ភថវិកាចំនួន២០.០០០០រៀល ជូនដល់គ្រូយោធាចារ្យ ទុកសម្រាប់ធ្វើដំណើរវិលទៅបម្រើរការនៅអង្គភាពវិញ៕