(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី «ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ចាប់ពីអនុប្រធាននាយកដ្ឋានឡើង សរុបប្រមាណ ១០០នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងអង្គភាពចំណុះទីស្តីការ ក.ប.ទ. ក្នុងការអនុវត្តនូវគោលការណ៍ស្តង់ដាសុវត្ថិភាពឌីជីថល សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្មវិធីនិងប្រព័ន្ធឌីជីថល ក៏ដូចជាឧបករណ៍ឌីជីថលដែលប្រើប្រាស់នៅក្នុង ក.ប.ទ. ដើម្បីឱ្យការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធិផល សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យការពីវាយប្រហារតាមប្រព័ន្ធឌីជីថល៕