(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញអនុសាសន៍៤ចំណុចសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទចូលរួមអនុវត្តឱ្យបានសកម្ម ដោយផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទ ការកែលម្អលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ លើកស្ទួយសេដ្ឋកិច្ចជនបទ ការពង្រឹងសេវាគាំទ្ររដ្ឋបាលជាដើម។

ការដាក់ចេញអនុសាសន៍សំខាន់ៗទាំងនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត មន្ត្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទតំណាងក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ ភ្លៀវកិត្តិយសជាតិនិងអន្ដរជាតិ សរុបប្រមាណ៧៩៥នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធីសែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ដែលបន្តកេរដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ និងដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ។

លោករដ្ឋមន្រ្ដីបានបន្តថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្អែកលើគោលដៅជាយុទ្ធសាស្ត្រចំនួន៥៖ ទី១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ទី២-បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣-សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤-បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥-ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលនីតិកាលទី៧ក៏បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ។

ដើម្បីចូលរួមអនុវត្តលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរ លោករដ្ឋមន្ត្រីបានណែនាំបន្ថែម៤ចំណុចទៀតថា៖
ទី១- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍៖ ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ តាមរយៈការធ្វើសមាហរណកម្មទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ទី២- ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ៖ ធ្វើឱ្យប្រជាជនមានសុខភាពល្អ និងមានបរិស្ថានរស់នៅល្អ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ។
ទី៣- ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ៖ ដើម្បីចូលរួមបង្កើតឱកាសការងារ មុខរបរ សហគ្រិនភាព និងទីផ្សារ។
ទី៤- ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៖ ដើម្បីធានាប្រសិទ្ធភាពនៃអភិបាលកិច្ចក្នុងការគ្រប់គ្រងរដ្ឋបាល និងការអនុវត្តផែនការ និងថវិកានៃកម្មវិធីអភិវឌ្ឍន៍ជនបទឱ្យមានប្រសិទ្ធភាព និងស័ក្តិ្តសិទ្ធិភាព។

លោករដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យអភិវឌ្ឍន៍ជនបទ ប្រកបដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព ក្រោមគោលការណ៍ «រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ» និងបានលើកឡើងពីគុណូបការនៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន បានជាបទពិសោធន៍ដឹកនាំគំរូល្អៗសម្រាប់ការដឹកនាំបន្តវេន៕