(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្ន ជាបន្តបន្ទាប់ដើម្បីធានាឱ្យបានថា គ្រប់ឧបករណ៍ សម្ភារៈទាំងអស់ត្រូវតែល្អប្រសើរ គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការពារនូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានជាយថាហេតុ និងដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាពជូនអ្នកដំណើរ។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងដូចនេះនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសដឹកនាំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 ទាក់ទងនឹងរណីឆេះយន្តហោះ ដែលបានធ្វើឡើងក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងដោយមានការចូលរួមពីតំណាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, កងកម្លាំងប្រដាប់អាវុធ, កងរាជអាវុធហត្ថ, ទ័ពអាកាស និងតំណាងក្រសួងសុខាភិបាល សរុប ៤០០នាក់។
ការរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំនេះ សំដៅលើការហ្វឹកហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារ ពាក់ព័ន្ធនានា ដើម្បីជាបទពិសោធន៍ និងចំណេះដឹងលើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ ធ្លាក់យន្តហោះដែលអាចកើតមានឡើងជាយថាហេតុ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា គិតដល់ពេលនេះ គឺជាលើកទី៩ ហើយនៃការធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំនេះ ហើយការធ្វើសមយុទ្ធនេះ ក៏ដើម្បីជាការត្រៀមខ្លួន និងដាក់ចេញផែនការជាមុន ដើម្បីធានាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការពារនូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានលើយន្តហោះ, ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ គឺត្រូវធ្វើរៀងរាល់ ២ឆ្នាំម្តង។
លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា អាកាសចរស៊ីវិល តែងតែងធ្វើសមយុទ្ធផ្សេងៗជាបន្តបន្ទាប់ ដែលមានដូចជា៖ សមយុទ្ធពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ ករណីកើតមានបញ្ហាក្នុងប្រលានយន្តហោះ ករណីធាតុអាកាស សមយុទ្ធពាក់ព័ន្ធនឹងការគំរាមកំហែងពីភារវកម្ម ពីការដាក់គ្រាប់បែក ហើយពេលខ្លះក៏មានសមយុទ្ធពាក់ព័ន្ធនឹងការលេចធ្លាយ នូវសាធាតុគីមីផ្សេងៗទៀតផងដែរ។
បើតាមលោករដ្ឋលេខាធិការ បន្ទាប់ពីការធ្វើយុទ្ធជាក់ស្តែងនាពេលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនយ៉ាងល្អ ក្នុងការទំនាក់ទំនងគ្នា និងសកម្មភាពជាក់ស្តែង ដែលអាចត្រៀមក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា ក្នុងករណីកើតមានឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗផងដែរ៕