(ព្រះវិហារ)៖ ស្ពាន «ធិបតីតេជោរស្មីសាមគ្គីសន្តិភាព» ស្ថិតនៅចំណុចកក់កន្ថង ក្នុងភូមិរំចេក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរដែនដី ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀត។

ព្រះតេជគុណ គឹម រស្មី គង់នៅវត្តខ្នងគោល ដែលជាស្ថាបនិកកសាងស្ពានបេតុងនេះ បានមានសង្ឃដីការថា ស្ពានបេតុងដែលសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់មានទទឹង៥ម៉ែត្រ និងបណ្តោយប្រវែង ២១ម៉ែត្រ។ ស្ពាននេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយបច្ច័យកសាងសរុបចំនួន ២៨០,០០០,០០០រៀល ដែលបានមកពីការចូលរួមឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន សប្បុរសជនជិតឆ្ងាយ ក្នុងនិងក្រៅប្រទេសផងដែរ។

ព្រះតេជគុណ គឹម រស្មី មានសង្ឃដីការបញ្ជាក់ថា ស្ពានបេតុងថ្មីនេះ កសាងឡើងជំនួសឱ្យស្ពានឈើចាស់ ឆ្លងអូរដែលមានសភាពទ្រុឌទ្រោម ដែលរដូវវស្សាប្រជាពលរដ្ឋពិបាកធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលផ្សេងៗមកកាន់ទីផ្សារ។ដោយមានឃើញនូវការលំបាកនេះ ទើបព្រះអង្គ និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានសហការជាកម្លាំងសាមគ្គីកសាងស្ពានថ្មនេះឡើង ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ និងបានដាក់ឈ្មោះស្ពាននេះថា៖ «ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព»

ថ្លែងនៅក្នុងឱកាសនេះអភិបាលរងខេត្តព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានព្រះវត្តមាន និងវត្តមាននៅក្នុងពិធីនេះ។

ក្នុងនាមលោក គីម រិទ្ធី, លោក សុខ សាន្តតារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលថ្មីមួយនេះ ដែលបានកើតឡើងដោយកម្លាំងមហាសាមគ្គីគ្នារវាង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស។ ស្ពាននេះមិនត្រឹមតែបម្រើផលប្រយោជន៍រួមដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ បានផ្តល់នូវភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ជាពិសេសនារដូវវស្សា៕