(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបង្កើនធនធានមនុស្ស លើការប្រើប្រាស់ឌីជីថលជារឿងសំខាន់ចាំបាច់, បច្ចុប្បន្នកូនខ្មែរ មានសមត្ថភាពខ្លាំងៗ ក្នុងការធ្វើកិច្ចការសំខាន់ៗជាច្រើនពាក់ព័ន្ធបច្ចេកវិទ្យាសម័យទំនើប។

ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South​-East Asia នៅខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធភាពក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល គឺធ្វើឡើងគ្រប់វិស័យទាំងអស់ សូម្បីតែក្នុងវិស័យសាសនា ហើយទូរស័ព្ទ ពិតជាមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ពេលខ្លះមិនអាចខ្វះបានឡើយ។ បច្ចុប្បន្ននេះ សូម្បីតែ E Visa និង E Arrival ជាចំណែកដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ដែលទើបបានដាក់ឱ្យដំណើរការ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នទិញសំបុត្រចូលទស្សនាតំបន់អង្គរ ក៏ប្រើប្រាស់ឌីជីថលដូចគ្នា, មិនបាំបាច់ពាក់កាតចូលទៀតនោះទេ ប្រើតែ QR Code មួយប៉ុណ្ណោះ ហើយបច្ចេកវិទ្យាកាន់តែទំនើប សូម្បីតែអ្នកលក់ដូរបន្ដិចបន្ទួច ក៏ប្រើប្រាស់ QR Code ដើម្បីទូទាត់ប្រាក់ផងដែរ។

ទន្ទឹមនឹងនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ បើសិនមិនបានប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងជួបការលំបាកជាមិនខាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងការបង្កើនគុណភាពមនុស្សនៅក្នុងការប្រើប្រាស់ឌីជីថលនេះ គឺជាកិច្ចការសំខាន់ពីព្រោះពាក់ព័ន្ធនឹងដំណើរការជីវិតរបស់យើង ហើយរាជរដ្ឋាភិបាលនៅតែបន្ត ដើម្បីពង្រឹងបន្ថែមទៀត វិនិយោគ 5G វិនិយោគនូវប្រព័ន្ធរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយមួយចំនួនសម្រាប់ AI ទៅខាងមុខទៀត ព្រោះ AI អីឡូវឆ្លាតណាស់ បើយើងតាមមិនទាន់ គឺគ្រោះថ្នាក់»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បច្ចេកវិទ្យា AI ប្រសិនបើតាមមិនទាន់ទេច្បាស់នឹងមានគ្រោះថ្នាក់, សូម្បីតែមន្ដ្រីជាន់ខ្ពស់ប្រទេសអ៉ីតាលី ក៏ត្រូវចាញ់បោកគេចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI នេះ ដើម្បីបោកប្រាស់ជាដើម។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើយើងមានតែបច្ចេកវិទ្យា ប៉ុន្តែ គ្មានធនធានមនុស្សសម្រាប់ប្រើប្រាស់ ច្បាស់ណាស់នឹងមិនអាចដើរទាន់សម័យកាលនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តពង្រឹងការវិនិយោគលើរចនាសម្ព័ន្ធនៃប្រព័ន្ធឌីជីថល សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូច្នេះ បច្ចេកវិទ្យាឌីជីថល ជាផ្នែកមួយនៃជីវភាពរស់នៅរបស់ប្រជាជន៕