(សៀមរាប)៖ នៅចំពោះមុខនិស្សិតជ័យលាភី ប្រមាណ៥០០០នាក់ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកទស្សនទាន អំពីរបៀបរបបបំពេញការងារ និងឆ្លើយតបចំពោះអ្វី ដែលជាតម្រូវការរបស់ថ្នាក់ដឹកនាំ។

បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចែករំលែកបទពិសោធន៍នៃការងារ ក៏ដូចជាការទស្សនៈនៃការងារ សម្រាប់យើងចង់បាន អ្នកដែលធ្វើការឲ្យយើងកម្រិតណា ស្រដៀងនឹងការប្រកួតប្រជែងដូចគ្នាផងដែរ។

ការចែករំលែកទស្សនទាន របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការងារអ្វីដោយ ធ្វើហើយមិនហើយ ត្រូវរាយការណ៍ឲ្យដឹង និងរាយការណ៍ជាជំហានក៏បាន ព្រោះថា កន្លែងខ្លះបើសិនជាមិនរបាយការណ៍ ថ្នាក់លើមិនដឹងនោះទេ ហើយធ្វើការសូមកុំខ្លាចមេ គួរតែខ្លាចការងារមិនហើយ ខ្លាចជារឿងធំ»

លើសពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បើសិនជាចង់ជោគជ័យ នៅក្នុងស្ថាប័នមួយ និងចង់បានតួនាទី នៅក្នុងស្ថាប័នមួយបន្ថែម ទាល់តែបង្ហាញថា ការងារគ្រប់ថ្នាក់ របស់ខ្លួនយើងមានសមត្ថភាពទទួលខុសត្រូវ ហើយធ្វើការងារលឿនជាងគេ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍ថា សូម្បីតែធ្វើចុងភៅ ម្ចាស់ហាងខ្លួនឯង ក៏ត្រូវប្រកួតប្រជែង ជាមួយហាងក្បែរខ្លួនផងដែរ កុំថាឡើយ ធ្វើការនៅក្នុងស្ថាប័នរដ្ឋមួយ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាជោគជ័យ កុំខ្វល់ជាមួយសម្ដីរបស់អ្នកដទៃ ហើយសម្ដេចបវធិបតី ក៏បានរំលឹកពាក្យស្លោក ដែលបានដាក់ចេញតាំង ពីនៅជាកងទ័ពផងដែរថា «ធ្វើឲ្យលឿន ធ្វើឲ្យលះ បើស្ទះសុំគោលការណ៍»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននិយាយថា ធ្លាប់ធ្វើតេស្ដអ្នកធ្វើការ ជាមួយសម្ដេច នៅល្ងាចថ្ងៃសុក្រ, អ្នកទី១ សុំពន្យារទៅថ្ងៃច័ន្ទ, អ្នកទី២ ស្ទះចរាចរណ៍ តែមិនផ្ដល់ដំណឹង, អ្នកទី៣ ស្ទះចរាចរណ៍ តែចេញលទ្ធផល៕