(ភ្នំពេញ)៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ដ្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្លែងអំណរគុណជូន ចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើសារជូនពរឯកឧត្តម ក្នុងឱកាសខួបកំណើត។
តាមរយៈលិខិតថ្លែងអំណរគុណផ្ញើជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, ឯកឧត្តម កែ គឹមយ៉ាន បានរៀបរាប់យ៉ាងដូច្នេះថា៖
«ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារ លិខិតជូនពរមានខ្លឹមសារ និងពាក្យពេចន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅបំផុតចំពោះរូបខ្ញុំបាទ ព្រមទាំងបានលើកទឹកចិត្តនិងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែង ក្នុងការចូលរួមបំពេញបេសកកម្មជា ប្រវត្តិសាស្ត្របម្រើជាតិ និងប្រជាជននៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំបាទ។
ខ្ញុំបាទពិតជាមានបីតិសោមនស្សរីករាយនិងមោទនភាពយ៉ាងក្រៃលែងបំផុតចំពោះសមានចិត្តស្រលាញ់រាប់អានរបស់សម្តេចវិបុល សេនាភក្តី មកលើរូបខ្ញុំបាទនិងភរិយា ព្រមទាំងក្រុមគ្រួសារ។
ឆ្លៀតក្នុងឱកាសដ៏មហាប្រពៃនេះ យើងខ្ញុំសូមគោរពប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូន សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង បុត្រធីតា ចៅប្រុស ចៅស្រី សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្ដេចវិបុលសេនាភក្តី មេត្តាទទួលនូវគារវភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ»៕