(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ និងមានភាពប្រាកដនិយម ដែលជាគុណាធិបតេយ្យចេញពីការខិតខំរៀនសូត្រប្រកបដោយគុណភាព។
លោក បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ មានមូលដ្ឋានភាសាបរទេស មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វើជំនួញ ធុរកិច្ច និងអាចរៀបចំដឹកនាំសហគមន៍កសិកម្មទំនើប សម្របសម្រួលឱ្យប្រជាកសិករចេះធ្វើការរួមគ្នា និងមានភាពម្ចាស់ការពិតប្រាកដ។ បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងកសិកម្ម បានតម្រង់ទិសលើមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមានតម្រូវការទីផ្សារការងារល្អ។
បើតាម លោក ឌិត ទីណា ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ មានការគិតគូរផ្អែកលើភាពពិតប្រាកដ ចូលរួមការងារសង្គម និងផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែង ជាជាងការផ្តល់ព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យមានផលប៉ះពាល់ជាច្រើនក្នុងសង្គមជាតិ។
ជាថ្មីម្ដងទៀត លោក បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាពក្នុងវិស័យកសិកម្ម និងសូមជូនពរដល់អង្គពិធី ទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕