(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មីប្រចាំនៅកម្ពុជា។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺដើម្បីបញ្ជាក់នូវទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌា និងដើម្បីស្វែងយល់អំពីវិស័យសក្តានុពលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងឱកាសនោះដែរ លោក ហេង សួរ បានសម្តែងការអបអរសាទរចំពោះ លោក Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានរំពឹងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យ TVET របស់កម្ពុជា។

ក្នុងន័យនេះ លោក ហេង សួរ បានបញ្ជាក់ការស្វាគមន៍ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសរបស់ឥណ្ឌា ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជា ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញដែលទទួលស្គាល់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Vanlalvawna Bawitlung បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ លោក ហេង សួរ ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ TVET  រវាងប្រទេសឥណ្ឌាជាមួយកម្ពុជា។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជាមានសក្តានុពលលើវិស័យជាច្រើន ដែលនឹងអាចជំរុញ ដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀត៕