(ភ្នំពេញ)៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ដ្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្លែងអំណរគុណជូន ចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើសារជូនពរឯកឧត្តម ក្នុងឱកាសខួបកំណើត។

តាមរយៈលិខិតថ្លែងអំណរគុណផ្ញើជូនសម្ដេចក្រឡាហោម ស ខេង, ឯកឧត្តម កែ គឹមយ៉ាន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរមានខ្លឹមសារ និងពាក្យពេចន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅបំផុតចំពោះរូបខ្ញុំបាទ ព្រមទាំងបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ អំពីការខិតខំប្រឹងប្រែងក្នុងការចូលរួមបំពេញបេសកកម្មបម្រើជាតិ និងប្រជាជននៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំបាទ។

ខ្ញុំបាទពិតជាមានបីតិសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែង បំផុតចំពោះសមានចិត្តស្រលាញ់រាប់អានរបស់ សម្ដេចក្រឡាហោម មកលើរូបខ្ញុំបាទ និងភរិយាព្រមទាំង
ក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រពៃនេះ យើងខ្ញុំសូមគោរពប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូន សម្តេច ក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រធីតា ចៅប្រុស ចៅស្រី សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្ដេចក្រឡាហោម មេត្តាទទួលនូវគារវភក្ដីភាពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ»៕