(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័នអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តំណាងរដ្ឋបាលរាជធានី-ខេត្តទាំង២៤ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាប្រតិបត្តិករ សេវាករទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ សរុបចំនួន១,២៥១នាក់។

សន្និបាតនេះមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា (OCIC)។

សន្និបាតដែលមានរយៈពេល២ថ្ងៃនេះដែរ ធ្វើឡើងក្នុងគោលបំណង ទី១-បូកសរុបសភាពការណ៍វិស័យទេសចរណ៍ទាំងកម្រិតសកល តំបន់ និងកម្ពុជា ទី២-ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបាន ដោយរួមគ្នាពិភាក្សាលើកយោបល់ផ្តល់ធាតុចូល ផ្លាស់ប្តូរទស្សនៈឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីចង្វាក់ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកដែលស្ថិតក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងផ្នែកដែលគាំទ្រដោយប្រយោល ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមពិតប្រាកដ និងសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣-ឈានទៅដាក់ចេញរួមគ្នានូវសំណើវិធានការគន្លឹះ និងទិសដៅការងារបន្តដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើភាពជាក់ស្តែង ប្រាកដនិយម និងអភិក្រម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ព្រមទាំងឈរលើស្មារីបុរេសកម្ម សកម្ម និងអន្តរសកម្ម៕