(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា របបថែទាំសុខភាព ដែលកំពុងអភិវឌ្ឍនេះត្រូវធ្វើយ៉ាងណាឱ្យចូលរួមជាមួយនឹងការគាំពារសង្គម ដើម្បីសម្រេចបាននូវមហិច្ឆតាកម្ពុជា ក្នុងការពង្រីកការថែទាំសុខភាពដល់ប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងបែបនេះរបស់ លោកស្រី សុវណ្ណ វណ្ណារតន៍ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលប្រជុំរំដួល អគារអង្គវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។

លោកស្រី សុវណ្ណ វណ្ណារតន៍ បានថ្លែងថា វិស័យការងារពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយតាមរយៈការអភិវឌ្ឍវិស័យការងារ ក្រសួងការងារតែងតែយកចិត្តទុកដាក់បំផុតនៅក្នុងការជំរុញនិងវិធានការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងដៃគូថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងការជំរុញការអនុវត្តនៅផែនការយុទ្ធសាស្ត្រអនុវត្តវិស័យការងារសន្តិសុខសង្គមនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤ នៅឆ្នាំ២០២៨។ ផែនការយុទ្ធសាស្ត្រវិស័យការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានដាក់ប្រកាស កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាទី៧ នៃរដ្ឋសភា ដែលក្នុងនោះ គឺបានផ្ដោតសំខាន់ទៅលើការកសាងការងារជាយុទ្ធសាស្ត្រការងារចំនួន៥។

លោកស្រីបានថ្លែងបន្ដថា ផែនការយុទ្ធសាស្ត្ររបស់ ក្រសួងការងារធ្វើយ៉ាងណាជំរុញឱ្យមានការបង្កើន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ហើយត្រូវធានាថាឱកាសការងារ គឺមានលក្ខខណ្ឌការងារសមរម្យ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺត្រូវបានរៀបចំឡើងដើម្បី ការកំណត់ទៅលើផែនការសកម្មភាព នៅក្នុងការចូលរួមការអនុវត្តយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ ដែលក្នុងនោះគឺផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ក៏ដូចជា ការកសាងមូលធនមនុស្សរបស់កម្ពុជាធ្វើយ៉ាងណា ឱ្យកម្ពុជាមានមូលធនមនុស្សក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាជំរុញនាវាកម្ពុជា ឱ្យឆាប់ទៅដល់គោលដៅដែលយើងបានកំណត់។

លោកស្រីបានបន្ថែមថា កម្ពុជាមានចក្ខុវិស័យនៅឆ្នាំ២០៣០ នៅក្នុងការប្រែក្លាយប្រទេសកម្ពុជាដែលមានចំណូលមធ្យមកម្រិតខ្ពស់ហើយក៏មានចក្ខុវិស័យកម្ពុជានៅក្នុងឆ្នាំ ២០៥០ ក្នុងការកែប្រែប្រទេសកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលខ្ពស់។ ស្របពេលនេះ ដែរយើងកំពុងតែព្យាយាមដោះស្រាយនៅបញ្ហាប្រឈមទាំងនៅ ក្នុងតំបន់ក៏ដូចជានៅក្នុងសាកលលោក យើងបានខិតខំប្រឹងប្រែងនៅក្នុងការអភិវឌ្ឍន៍ទៅតាមផែនការសកម្មភាពដែលយើងបានដាក់ចេញជាងមួយឆ្នាំកន្លងមកហើយ។

ជាមួយគ្នានេះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងការងារបាននិងកំពុងអនុវត្ត ក៏ដូចជាត្រូវទទួលបន្ទុកនៅក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រ ការងារចំនួន០២ មានដូចជា៖ ទីមួយ៖ ពាក់ព័ន្ធទៅនឹងអ្នកចូលរួមក៏ដូចជាការពង្រីកនៅរបបថែទាំសុខភាព ដែលកំពុងអភិវឌ្ឍន៍នេះត្រូវធ្វើយ៉ាងណា ចូលរួមជាមួយនឹងការគាំពារសង្គមដើម្បីសម្រេចបាននូវមហិច្ឆតាកម្ពុជាក្នុងការពង្រីកក្នុងការថែទាំសុខភាពដល់ប្រជាពលរដ្ឋកម្ពុជា និងទីពីរ៖ការអភិវឌ្ឍន៍សង្គមដែលក្រសួងការងារបានកំពុងអភិវឌ្ឍន៍កម្មវិធី ១លាន៥ សែនក្នុងការអប់រំនិងបណ្ដុះបណ្ដាលជូនទៅដល់យុវជនទៅដល់គ្រួសារក្រីក្រ និងក្រុមគោលដៅមួយចំនួន នឹងធ្វើយ៉ាងណាពិនិត្យឡើងវិញក៏ដូចជាវាយតម្លៃនៅក្នុងការអនុវត្តកម្មវិធីមួយលានប្រាំសែន នៅក្នុងការបណ្ដុះបណ្ដាលការអប់រំ បច្ចេកទេសនិងវិជ្ជាជីវៈនេះ៕