(កំពង់ឆ្នាំង)៖ លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងរបស់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ឥទ្ធិពលនៃការគោរពប្រតិបត្តិសាសនា នាំមកនូវគុណតម្លៃយ៉ាងធំធេង ជាពិសេសនាំមកនូវសុខសន្តិភាព ប្រទេសជាតិផងដែរ។

លោករដ្ឋលេខាធិការ បានថ្លែងដូចនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឈប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈទូទាំងប្រទេស លើកទី៣២ ក្នុងខេត្តកំពង់ឆ្នាំង បូកសរុបលទ្ធិផលការងារ ឆ្នាំ២០២៤ លើកទិសដៅការងារបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ព្រះធម្មវង្សាធិបតីព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះរាជតំណាង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូរាជធម្មនាថ ជីម រន ព្រះគ្រូទទួលបន្ទុកកិច្ចការ គណៈសង្ឃ គណៈធម្មយុត្តិកនិកាយខេត្តកំពង់ឆ្នាំង មន្ត្រីរាជការថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ព្រះមន្ត្រីសង្ឃខេត្ត មន្ត្រីសង្ឃក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត-អាស្រម ប្រមាណជាង ៨០០អង្គ-នាក់។

លោក ញ៉ែម វ៉ាលី បានបន្ថែមទៀតថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តោតសំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដោយឡែក សាសនាជាប្រភពផ្ដល់គុណតម្លៃយ៉ាងសំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់។ ដើម្បីអនុវត្តគោលនយោបាយសាសនា ត្រូវគោរពប្រតិបត្តិតាមគោលការណ៍សំខាន់ៗចំនួន៥ គឺ៖ ទី១- លើកកម្ពស់សាសនា ទី២- លើកកម្ពស់សីលធម៌សង្គម ទី៣- រក្សាសុខដុមរមនីយកម្មសាសនា ទី៤- ពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និងទី៥- អភិវឌ្ឍសមត្ថភាពសង្គម និងធនធានមនុស្ស។

បើតាមលោក ញ៉ែម វ៉ាលី ការរក្សាបាននូវសុខដុមរមនីយកម្មសាសនា គឺជាការរក្សាបាននូវសុខសន្តិភាពប្រទេសជាតិទាំងមូលផងដែរ ព្រោះថា នៅលើសកលលោកនេះ មានសង្គ្រាមច្រើនណាស់ ដូចជាសង្គ្រាមសាសនា សង្គ្រាមស៊ីវិល សង្គ្រាមត្រជាក់ និងសង្គ្រាមសកលលោក។ បើសិនការគោរពប្រតិបត្តិ មិនបាននូវសុខដុមរមនីយកម្មសាសនានោះទេ ប្រទេសជាតិពុំមានសុខសន្តិភាពឡើយ។ ជាមួយគ្នានេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ក៏ជាកំណើតទី២ នៃសាសនា និងប្រទេសកម្ពុជាយើងផងដែរ។

លោក យ៉ិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងថា ក្រោយថ្ងៃជ័យជំនះ ជាប្រវត្តិសាស្ត្រ ៧មករា ១៩៧៩ លើរបបប្រល័យពូជសាសន៍ យើងបានរួបរួមគ្នាស្តារ និងកសាងប្រទេសជាតិយើងឡើងវិញ ចាប់តាំងពីបាទដៃទទេ ដោយត្រូវឆ្លងកាត់ការលំបាករាប់ម៉ឺនជំពូកឧបសគ្គតូចធំរាប់មិនអស់ ក្នុងសម័យសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្ស។

ក្រោយពីបានបញ្ចប់សង្គ្រាមទាំងស្រុង នាខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គុទេសក៍ឯក បានធ្វើឱ្យដួងព្រលឹងជាតិខ្មែរខាងជំនឿសាសនា មានការរស់រានឡើងវិញ និងរីកចំរើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ទាំងអស់នេះ បានបង្ហាញអំពីការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយ ជាគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង។

លោកបានបន្តថា ដូច្នេះ យើងទាំងអស់គ្នា ដែលកំពុងរស់រានក្រោមម្លប់សន្តិភាព ត្រូវចេះរួបរួមសាម គ្គីគ្នាចូលរួមថែរក្សាការពារសុខសន្តិ ភាពឱ្យនៅគង់វង្សជារៀងរហូត។ ទោះក្នុងតម្លៃណាក៏ ដោយត្រូវការពារសន្តិភាព ឱ្យខានតែបានព្រោះសន្តិភាពនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

គួរបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឈប្រកាសអនុសំវច្ឆរម ហាសន្និបាតមន្ត្រីសង្ឈទូទាំងប្រទេសលើកទី៣២ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ណែនាំអំពីការប្រតិបត្តិធម៌វិន័យ, ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម, ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល, និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃ ខេត្ត-ក្រុង-ស្រុក និងវត្តអារាមដើម្បីឱ្យមាននូវអភិសមាចារគួរជាទីគោរពសក្ការៈ៕