(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់គណៈអភិបាលរាជធានី/ខេត្តទាំងអស់ រៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានភាពរីកចម្រើន ធានាគុណភាព អនាម័យ សេវាកម្មឱ្យបានល្អសម្រាប់ទេសចរជាតិ និងអន្តរជាតិ។
ការថ្លែងបែបនេះរបស់សម្តេច បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចបវរធិបតី បានថ្លែងថាបញ្ហាគុណភាព អនាម័យ សេវាកម្ម កុំចាំដល់ពេលអ្នកទេសចរថតបង្ហោះ ត្រូវព្យាយាមរកដំណោះស្រាយភ្លាមៗកុំទុកឱ្យនៅរ៉ាំរ៉ៃ ព្រោះនេះជាសម័យ AI ហើយរឿងមិនល្អជាទីពេញនិយមរបស់អ្នកលេងបណ្ដាញសង្គម។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបង្ហើបពីការរៀបចំសោភ័ណភាពពេលរាត្រីនៅក្នុងខេត្តកំពង់ចាម ដើម្បីទាក់ទាញនូវភ្ញៀវទេសចរបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេច បានថ្លែងណែនាំដល់លោកស្រី ភឿង សកុណា ក្នុងការរៀបចំនូវសោភ័ណភាពនៅតាមតំបន់ប្រាសាទក្នុងខេត្តសៀមរាប ដើម្បីផ្ដល់សុវត្ថិភាពដល់អ្នកទេសចរ ជាពិសេសអាចធ្វើការរៀបចំបង្ហាញទស្សនីយភាពសម្រាប់ភ្ញៀវទេសចរ នៅទីលានជល់ដំរី នៃប្រាសាទបាយ័ន មុនពេលចាកចេញពីតំបន់បេតិកភណ្ឌរបស់យើង។
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈអភិបាលខេត្តសៀមរាប រៀបចំទីតាំងមួយដែលស្រដៀងនឹង pub street តែប្រមូលផ្ដុំនូវវង់ភ្លេងបុរាណខ្មែរ ដែលដាក់ដាច់ឆ្ងាយពីទីតាំង pub street កុំឱ្យលូកលំគ្នា៕