(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះចរិយាមារយាទប្រកបដោយគុណធម៌របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សេចក្តីពេញចិត្តនេះ បានក្លាយជាអន្ទាក់បេះដូង ទាញលោកឱ្យសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី។

ការទម្លាយអារម្មណ៍ពេញចិត្ត និងទទួលស្គាល់លើសមត្ថភាពក៏ដូចជាចរិយាមារយាទ ដ៏ល្អប្រពៃរបស់សម្ដេចមហាបវរធិបតី ពីសំណាក់លោក ហ្សង់ហ្វ្រង់ស័រ តាន់ នេះបានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅសាលសេរីភាព អគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

បើតាមលោក ហ្សង់ហ្វ្រង់ស័រ តាន់ លោកបានស្គាល់ និងផ្ដើមមានទំនាក់ទំនងជាមួយសម្ដេចមហាបវរធិបតី នៅឆ្នាំ២០២២ ពោលមួយឆ្នាំមុនសម្ដេចឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។ អតីតអ្នកសារព័ត៌មានបញ្ញវន្តធំធាត់ក្នុងប្រទេសបារាំងរូបនេះ លើកឡើងថា ក្នុងចំណោមគុណសម្បត្តិធំៗរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលលោកកត់សម្គាល់ឃើញ និងពេញចិត្ត ក្នុងនាមជាចាស់ទុំមួយរូប គឺសមត្ថភាពចំណេះដឹងដែលរៀនសូត្របានខ្ពស់ ប៉ុន្តែសមត្ថភាពទាំងអស់នោះមិនបានធ្វើឱ្យលោកភ្ញាក់ផ្អើលនោះទេ ត្បិតលោកដឹងថាសម្ដេចបានបញ្ចប់ការសិក្សារពីសាលាយោធាអាមេរិក West Point និងជាបណ្ឌិតពីអង់គ្លេសមកពីសាកលវិទ្យាល័យ Bristol។ អ្វីដែល ធ្វើឱ្យលោក ហ្សង់ហ្វ្រង់ស័រ តាន់ ភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង គឺចរិយាមារយាទ ក្នុងន័យជាមនុស្សប្រកបដោយគុណធម៌។

ដោយឡែកនៅក្នុងរយៈពេល១៨ខែចុងក្រោយនេះ ក្រោយពេលធ្វើការ និងរួមដំណើរជាមួយសម្ដេចជាពិសេសនៅពេលទស្សនកិច្ចនៅក្រៅប្រទេសម្ដងៗ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានមើលឃើញពីគុណសម្បត្តិដ៏វិសេសវិសាលមួយ ក្នុងនាមជាអ្នកដឹកនាំ គឺសម្តេចនាយករដ្ឋមន្ត្រី មានសមត្ថភាពខ្ពស់ណាស់ និងស្រូបយកព័ត៌មានពហុវិស័យ ព្រមជាមួយនឹងការស្ដាប់ច្រើន សួរច្រើនជាងនិយាយ ហើយសួរលម្អិតថែមទៀតផង៕