(អាហ្វ្រិកខាងត្បូង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ត្រូវបានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS) ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន (Sustainable and Inclusive Food Systems) ដែលរៀបចំដោយអង្គការមូលនិធិអន្តជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប (European Commission), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា, និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។

កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួម សម្រាប់ធនាគារអភិវឌ្ឍន៍, ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍, កៀរគរមូលធន, និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួម សម្រាប់ការផ្តល់ហិរញ្ញប្បទាន ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងកិច្ចប្រជុំនេះ បណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗ ក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទាន ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។

បន្ទាប់មកនៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ បណ្ឌិត កៅ ថាច បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។

ក្នុងជំនួបនោះដែរ, លោកបណ្ឌិតក៏បាន គូសរំលេចអំពីបេសកកម្មសំខាន់ៗ របស់ធនាគារ ARDB ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់ IFAD ដែលមាននៅកម្ពុជា ។

បន្ថែមលើនេះ, លោកបណ្ឌិតក៏បានស្នើសុំដល់ភាគី IFAD បន្តជួយគាំទ្រដល់បេសកកម្មរបស់ ធនាគារ ARDB និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការ អនុវត្ត គម្រោង ហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility - CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) ដើម្បីរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបញ្ចេញកាបូនតិច ហើយដែលធន់នឹងអាកាសធាតុ លើវិស័យអាទិភាពរួមមាន៖ ព្រៃឈើនិងការប្រើប្រាស់ដី, កសិកម្ម, ធនធានទឹក, ថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូន៕