(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់កម្ពុជា និង វិទ្យាស្ថាន Institute for Adult Learning Singapore (IAL) ដែលជាស្ថាប័នឈានមុខគេ ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលយុវជន និងគ្រូបង្គោល របស់សិង្ហបុរី បានប្តេជ្ញារួមគ្នាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកកម្ពស់កំណើនការងារក្នុងប្រទេសរបស់ខ្លួន និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធផលជាច្រើនទៀត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ការប្តេជ្ញារួមគ្នារបស់ស្ថាប័នអភិវឌ្ឍន៍ជំនាញកម្ពុជា-សិង្ហបុរីនេះ ធ្វើឡើងក្នុងឱកាសថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានជួបពិភាក្សាការងារជាមួយគ្នា និងការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ជាមួយគ្នា រយៈពេល២ថ្ងៃ នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
កម្មវិធីទី១ ការជួបពិភាក្សាការងារ៖
នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានទទួលជួបពិភាក្សាការងារជាមួយលោក YEO LI PHEOW នាយកប្រតិបត្តិ Institute for Adult Learning Singapore (IAL) ដែលជាស្ថាប័នឈានមុខគេ ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលយុវជន និងគ្រូបង្គោល និងជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយ SkillsFuture Singapore (SSG) ដែលជាស្ថាប័នជំនាញក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិ នៅប្រទេសសិង្ហបុរី។
បណ្ឌិត ផាន់ ផល្លា បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក YEO LI PHEOW និងសហការី ដែលបានឆ្លៀតពេលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍជំនាញរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។
ក្នុងជំនួបពិភាក្សានេះ IAL បានចែករំលែកបទពិសោធន៍ល្អៗ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី ដោយផ្តោតសំខាន់លើ ១៖ យុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍជំនាញ, ២៖ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (Public-Private Partnership) ក្នុងការជំរុញការអភិវឌ្ឍជំនាញ ដែលត្រូវនឹងតម្រូវការឧស្សាហកម្ម និង ៣៖ ក្របខ័ណ្ឌជំនាញ (Skills Framework) ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីជួយតម្រង់ទិសដល់និយោជិត, និយោជក, យុវជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងការអភិវឌ្ឍជំនាញ។
ក្នុងឱកាសនោះដែរ បណ្ឌិត ផាន់ ផល្លា បានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងរយៈពេល៦ឆ្នា ចុងក្រោយនេះ ទាំងបទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈមនានា ដែលរាំងស្ទះការបង្កើនល្បឿនក្នុងការពង្រឹង និងពង្រីកបេសកកម្មអភិវឌ្ឍន៍ជំនាញរបស់ SDF ។
គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, IAL ក៏បានជួបពិភាក្សាការងារបច្ចេកទេសជាមួយ លោកនាយកប្រតិបត្តិ នៃមូលនិធិអភិវឌ្ឍន៍ជំំនាញ (SDF) ដើម្បីស្វែងយល់ពីបេសកកម្ម និងការងារអាទិភាពដែល SDF បាន និងកំពុងអនុវត្តក្នុងគោលបំណងពិនិត្យលទ្ធភាពដែល IAL អាចបន្តគាំទ្រ SDF នាពេលខាងមុខ។
តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ នៃការអភិវឌ្ឍជំនាញនៃប្រទេសទាំងពីរ, SDF និង IAL មានចក្ខុវិស័យស្ទើរតែដូចគ្នាទាំងស្រុង ក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងប្រទេសរបស់ខ្លួន ដែលឱកាសនេះមិនត្រឹមតែជាជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់កិច្ចការបន្តជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់កំណើនការងារ ក្នុងប្រទេសរបស់ខ្លួន និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធផលជាច្រើនទៀត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
កម្មវិធីទី២ សិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី៖
ការវិនិយោគលើមូលធនមនុស្ស គឺជាកត្តាគន្លឹះដែលបានប្រែក្លាយសិង្ហបុរី ពីប្រទេសចំណូលខ្ពស់ដូចសព្វថ្ងៃ (ចំណូលមធ្យមរបស់ពលរដ្ឋសិង្ហបុ រីបានកើនឡើងពី ២០០ ដុល្លារក្នុងម្នាក់ក្នុងឆ្នាំ១៩៦៥ មក ៨ម៉ឺនដុល្លារក្នុងម្នាក់ក្នុងឆ្នាំ២០២៤ ដែលឈរលើលេខរៀងទី៥ លើពិភពលោក)។
លើសពីនេះ សន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្សឈរលេខរៀងទី៩ លើពិភពលោក រីឯយុវជនភាគច្រើនជាង ៧០% ចូលរៀនជំនាញបច្ចេកទេស (រៀននៅមហាវិទ្យាល័យត្រឹម៣០%) ព្រមទាំងរដ្ឋាភិបាលបានជម្រុញ និងរៀបចំកម្មវិធីបង្កើនជំនាញ សម្រាប់ប្រជាជនទៅតាមក្រុមអាយុ (រាប់ចាប់ពីបញ្ចប់ការសិក្សាចូលបម្រើការរហូតដល់អាយុចូលនិវត្តន៍) ដើម្បីបណ្តុះទម្លាប់រៀនពេញមួយជីវិត ក្នុងគោលដៅចុងក្រោយធានាថា ធនធានមនុស្សរបស់ខ្លួនមានចំណេះជំនាញត្រូវនឹងតម្រូវការទីផ្សារការងារ និងបង្កើនចំណូល និងភាពប្រកួតប្រជែងដល់ប្រជាពលរដ្ឋ និងអាជីវកម្ម។
ដោយសម្លឹងឃើញពីបទពីសោធន៍ល្អៗទាំងនេះ, SDF បានសហការជាមួយ Institute for Adult Learning Singapore (IAL) ដែលដៃគូរបស់ SkillsFuture Singapore (SSG) ដែលជាស្ថាប័នជំនាញក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិ នៅប្រទេសសិង្ហបុរី ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី»» ជូនដល់ថ្នាក់ដឹកនាំរោងចក្រ-សហគ្រាស សមាគមធុរកិច្ច និងគ្រឹះស្ថានបណ្តុះបណ្តាល ប្រមាណ ៨០ នាក់ ដែលបានប្រព្រឹត្តិទៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។ ក្រៅពីសិង្ហបុរី SDF បក៏បានដកស្រង់បទពិសោធន៍ល្អៗ ពីប្រទេសដទៃទៀតក្នុងតំបន់ និងសកលលោក ដើម្បីសំយោគចេញនូវគំនិតផ្តួចផ្តើម និងកម្មវិធីថ្មី ដើម្បីពង្រឹង និងពង្រីកការបង្កើនជំនាញដល់ប្រជាពលរដ្ឋកម្ពុជា និងបង្កើនផលិតភាព, នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់អាជីវកម្ម និងសេដ្ឋកិច្ចជាតិ។
លោក YEO LI PHEOW នាយកប្រតិបត្តិ IAL បានចែករំលែកបទពិសោធន៍ល្អៗរបស់ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍជំនាញដែលជាគន្លឹះជោគជ័យសម្រាប់យុវជន និងម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត បង្កើនភាពររីកចម្រើនជាបន្តបន្ទាប់ ទាំងក្នុងអាជីពការងារ និងអាជីវកម្មរបស់ពួកគេ។ លោក YEO LI PHEOW បានបង្ហាញពីសារៈសំខាន់ នៃភាពជាដៃគូសហការរវាងរដ្ឋ និងឯកជន (PPP), ក្របខណ្ឌជំនញ, ការពង្រឹងសមត្ថភាពគ្រូ និងកម្មវិធីសិក្សា, ការវាយតម្លៃលទ្ធផលនៃការបណ្តុះបណ្តាល និងទម្រង់កៀគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍជំនាញ ។ល។ ហើយ លោកក៏បានសង្កត់ធ្ងន់លើការបង្កើតទម្លាប់រៀនជាប្រចាំ (Lifelong Learning) សម្រាប់បុគ្គលម្នាក់ៗ ដែលនេះជាទម្លាប់ដ៏ល្អមួយក្នុងអាចជួយបង្កើនជំនាញកម្លាំងពលកម្ម ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែងផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុសផុល ជាទីបញ្ចប់ លោកនាយកប្រតិបត្តិ SDF បានសំយោគនូវបទពិសោធន៍ល្អៗរបស់ សិង្ហបុរី និងបូកសរុបកិច្ចការអាទិភាពចំនួន ៥ ដែលគ្រោងរៀបចំជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងក្នុងតំបន់ រួមមាន៖ ១. ក្របខ័ណ្ឌជំនាញ (Skills Framework) ដោយសហការជាមួយសមាគមធុរកិច្ច, សហគ្រាសសគ្រប់កម្រិត, ក្រុមប្រឹក្សាជំនាញតាមវិស័យ, និងគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់វិស័យអាទិភាព ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍមូលធនមនុស្ស និងទីផ្សារការងារ, ២. កម្មវិធីបង្កើនសម្ថភាពគ្រូបង្គោល (Training of Trainer) ផ្តោតលើជំនាញគន្លឹះៗមួយចំនួនដូចជា៖ បញ្ញាសិប្បនិម្មិត, យានយន្តអគ្គិសនី, ទាក់ទាញ, គ្រប់គ្រង និងរក្សាធនធានមនុស្ស ។ល។ ៣. កម្មវិធីគាំទ្រការទទួលស្គាល់កម្រិតជំនាញ (Skill Recognition) សម្រាប់វាយតម្លៃ និងទទួលកម្រិតជំនាញរបស់អ្នកដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាស, ៤. ការអភិវឌ្ឍជំនាញដោយផ្ទាល់នៅកន្លែងការងារ (Workplace Learning & Work-Study Program) ដើម្បីបង្កើនភាពងាយស្រួល និងភាពបត់បែនដល់ការអភិវឌ្ឍជំនាញដល់បុគ្គលិក, ៥. កម្មវិធីពង្រឹងសមត្ថភាពដល់ដៃគូរបស់, SDF ដើម្បីបង្កើនគុណភាព និងពង្រីកការអភិវឌ្ឍជំនាញដល់រោងចក្រសហគ្រាស នៅក្នុងវិស័យអាទិភាពរបស់ SDF ។
SDF ជឿជាក់ថា ការចែករំលែកបទពិសោធន៍របស់ IAL និងការងារអាទិភាពទាំង៥ ដែល SDF បានបូកសរុបក្នុងសិក្ខាសាលានេះ នឹងជួយលើកទឹកចិត្ត និងបង្កើនការចូលរួមប្រកបដោយគុណភាព របស់វិស័យឯកជន, គ្រឹះស្ថានបណ្តុះបណ្តាល និងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីបង្កើនការវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០៕