(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកបណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី (Mohammed Said Al-Majdouie) អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម តំណាងលោកបណ្ឌិតមហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម។
ក្នុងឱកាសនោះ ក្នុងនាមគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលឥស្លាមនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា កិច្ចប្រជុំកំពូលឥស្លាមលើកដំបូង ដែលបានប្រព្រឹត្តទៅមួយថ្ងៃពេញ លើទឹកដីកម្ពុជានាពេលនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងជាទីមោទនៈភាពបំផុត មានវត្តមានអ្នកចូលរួមជាគណៈប្រតិភូបរទេសចំនួន១៨០រូប ក្នុងនោះ មានព្រះសង្ឃបរទេស ចំនួន២៥អង្គ មកពី៣១ប្រទេស រួមសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ សម្តេចព្រះសង្ឃនាយក នៃគណៈមហានិកាយ ព្រះមេគុណរាជធានី ខេត្តទាំងពីរគណៈចំនួន៥០អង្គ ព្រះចៅអធិការវត្តនៅរាជធានីភ្នំពេញ ចំនួន២០អង្គ និងភ្ញៀវកិត្តិយសក្នុងស្រុក១,១១៨នាក់។
លោកបានថ្លែងបន្ថែមថា កិច្ចប្រជុំកំពូលខាងលើ គឺជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលបានអញ្ជើញថ្នាក់ដឹកនាំកំពូលនៃសាសនាឥស្លាម សាសនាព្រះពុទ្ធនៅតាមបណ្តាប្រទេស ដែលជាសមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រទេសជាច្រើន មកចូលរួមជួយចែករំលែកបទពិសោធន៍ ចំណេះដឹង សុន្ទរកថាគន្លឹះ និងវិធីសាស្ត្រដែលនាំទៅរកសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ចៀសឆ្ងាយពីការបង្កជម្លោះ ហឹង្សា ភាពជ្រុលនិយមម និងសង្គ្រាមសាសនា។
តាមរយៈកិច្ចប្រជុំនេះ ដែលមានវាគ្មិននិមន្ត អញ្ជើញមកពី១៥ប្រទេស ចំនួន៣២អង្គ/នាក់ លោកមានជំនឿយ៉ាងមុតមាំថា សុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលបាននិងកំពុងកើតមាននៅលើទឹកដីកម្ពុជា នឹងត្រូវបានផ្សព្វផ្សាយ និងយកទៅចែកចាយនៅជុំវិញពិភពលោក ឲ្យបានកាន់តែជ្រាបយ៉ាងច្បាស់ថា ប្រទេសកម្ពុជា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពិតជាបានផ្តល់នូវសិទ្ធិសេរីភាពជំនឿសាសនាយ៉ាងពេញលេញ គ្មានការរើសអើងជាតិសាសន៍ និងសាសនា និងការអភិវឌ្ឍឥតឈប់ឈរ ដល់ប្រជាជនខ្មែរទូទៅនិយាយជារួម និងដល់សហគមន៍ខ្មែរឥស្លាមនិយាយដោយឡែក ដែលអាចចាត់ទុកជាប្រទេសគម្រូមួយនៅថ្នាក់តំបន់ និងពិភពលោក។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងព្រះអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះវត្តមានដ៏មានតម្លៃរបស់សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ និងវត្តភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោក លោកស្រី គណៈអ៊ីមុំា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គណៈអ៊ីមុំាម៉ាស្ជិទ យុវជន ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចំណាយពេលវលាដ៏មានតម្លៃ ផ្តល់កិត្តិយស អញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាមនា កាលពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥៕