(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពស្នាក់ការនិងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី១ ក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានលេចចេញជារូបរាងដោយគំនិតផ្តួចផ្តើម និងដឹកនាំបង្កើតឡើង ដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសាងសង់ដោយបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។ ក្រសួបរិស្ថាន រៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែកដាំដើមឈើពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះកូនឈើនៅទូទាំងរាជធានីខេត្ត។ ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើ ដែលបានបណ្តុះទាំងនោះ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ចំនួន ១.៣លានដើម តាមរយៈការរៀបចំពិព័រណ៍ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» នៅក្នុងឆ្នាំ២០២៤។
បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ស្ថានីយ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១(៣ហិកតា) បានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់មកនៅខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៕