(ប៉េណាំង-ម៉ាឡេស៉ី)៖ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ង្វៀន តាន់ គួង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដើម្បីពង្រឹងពង្រីកទំនាក់ទំនងលើវិស័យការពារជាតិ នៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការស្វាគមន៍ចំពោះនាយឧត្តមសេនីយ៍ ង្វៀន តាន់ គួង និងគណៈប្រតិភូវៀតណាម ដែលបានចំណាយពេលដ៏មមារញឹកដើម្បីជួបពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-វៀតណាម ដែលជំនួបនេះបានក្លាយជាប្រពៃណីមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការប្រាស្រ័យទាក់ទងគ្នា នៅស្ទើរគ្រប់វេទិកាតំបន់ និងអន្តរជាតិ។
នាយឧត្តមសេនីយ៍ ង្វៀន តាន់ គួង ក៏បានសាទរក្រសួងការពារជាតិកម្ពុជាដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិកម្ពុជា-វៀតណាម-ឡាវ និងលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ព៣ ប្រទេសកម្ពុជា-វៀតណាម-ឡាវ ក្រោមប្រធានបទប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ ដែលនេះជាការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសដើម្បីត្រៀមលក្ខណៈឆ្លើយតបជាបន្ទាន់ និងត្រៀមដោះស្រាយជាយថាហេតុ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនានា។
ក្នុងកិច្ចពិភាក្សាភាគីទាំងពីរក៏បានឯកភាពលើវឌ្ឍនភាពនៃសហប្រតិបត្តិការយោធាក្នុងបណ្តាឆ្នាំកន្លងមកដែលបានអនុវត្តបានយ៉ាងពេញលេញ ហើយកំពុងមានការកើនឡើងជាលំដាប់។ ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីយោធាជាន់ខ្ពស់ទៅវិញទៅមក ការជ្រើសរើសសិក្សាកាមមានសមត្ថភាពទៅសិក្សានៅប្រទេសវៀតណាម ការបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន និងការបន្តរុករកអដ្ឋិធាតុយុទ្ធមិត្តបាត់ខ្លួនក្នុងសម័យសង្រ្គាម។
ទាក់ទងទៅនឹងការបញ្ជូនសិក្ខាកាមយោធាកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម, នាយឧត្តមសេនីយ៍ ទៀ សីហា និងនាយឧត្តមសេនីយ៍ ង្វៀន តាន់ គួងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាអោយការបណ្តុះបណ្តាលទទួលបាននូវធនធានមនុស្សប្រកបដោយសមត្ថភាព។
នៅក្នុងក្របខ័ណ្ឌអាស៊ាន កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការ និងការហ្វឹកហ្វឺនរួមគ្នា លើវិស័យសង្គ្រោះគ្រោះមហន្តរាយ និងបោសសំអាតមីនដើម្បីមនុស្សធ៌ម។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រ គ្នាទៅវិញទៅមក លើគំនិតផ្តួចផ្តើមដែលបានដាក់ចេញក្នុងក្របខណ្ឌការពារជាតិអាស៊ាន ដើម្បីជាផលប្រយោជន៍តំបន់ទាំងមូល៕