(ប៉េណាំង-ម៉ាឡេស៉ី)៖ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឧត្តមសេនីយឯក ខាំលៀង អូថាកៃសន រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងលើវិស័យការពារជាតិ នៃប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការសាទរចំពោះឧត្តមសេនីយឯក ខាំលៀង អូថាកៃសន ដែលទទួលបានការតែងតាំងជារដ្ឋមន្រ្តីការពារជាតិឡាវ និងស្វាគមន៍គណៈប្រតិភូឡាវ ដែលបានចំណាយពេលវេលាជួបពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ឡាវ ដែលជំនួបនេះបានឆ្លុះបញ្ចាំងអំពីការជឿទុកចិត្ត និងភាពស្អិតរមួតរវាងប្រទេសទាំងពីរ ដែលតែងតែរៀបចំឱ្យមានកិច្ចសន្ទនារវាងគ្នា នៅស្ទើរគ្រប់វេទិកាតំបន់ និងអន្តរជាតិ។
ឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះសមភាគីឡាវក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២៤ ប្រកបដោយជោគជ័យខ្ពស់។
នៅក្នុងជំនួបភាគីទាំងពីរបានផ្តោតកិច្ចពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសនៅតាមព្រំដែន ការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចយោធា ការបង្កើនចំនួនសិក្ខាកាមទៅវិញទៅមក ក៏ដូចជាការបន្តលំហាត់ហ្វឹកហ្វឺនរួមគ្នាជាដើម។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងនូវកិច្ចសន្ទនា និងការចែករំលែកព៌ត័មាន រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជារវាងកម្ពុជា-ឡាវ-វៀតណាម។
នៅឆ្នាំ២០២៥នេះ ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិកម្ពុជា-វៀតណាម-ឡាវ និងលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-វៀតណាម-ឡាវ ហើយក្នុងឱកាសនោះរដ្ឋមន្រ្តីការពារប្រទេសឡាវ ក៏បានស្នើអញ្ជើញនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឡាវផងដែរ។
ជាចុងបញ្ចប់ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក លើគំនិតផ្តួចផ្តើមដែលបានដាក់ចេញក្នុងក្របខណ្ឌការពារជាតិអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើមរបស់ប្រទេសទាំងពីដែលបានលើកឡើងនៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាននេះ ដើម្បីបម្រើជាផលប្រយោជន៍តំបន់ទាំងមូល៕