(ហាណូយ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី នឹងបន្តសហការជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំទិន្នន័យបញ្ជី និងបង្កើតយន្តការបន្ថែមក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យដល់សុខភាពសាធារណ និងសន្ដិសុខជាតិ។

កិច្ចសហការបន្តនេះ ធ្វើឡើងបន្ទាប់ពី នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដើម្បីចូលរួមសន្និសីទថ្នាក់តំបន់បិទបញ្ចប់គម្រោង៨១ (project 81) ស្តីពី ការពង្រឹងសន្តិសុខជីវសាស្រ្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់មជ្ឈមមណ្ឌលឧត្តមភាពCBRN អឺរុប (EU CBRN CoE) កាលពីថ្ងៃទី២៥-២៧ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី នឹងបន្តសហការជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បី៖
ទី១៖ រៀបចំប្រព័ន្ធទិន្នន័យបញ្ជីសារពើភ័ណ្ឌជាតិនៃមេរោគដែលមានហានិភ័យខ្លាំង (NIDP) និង បង្កើតនិយាមប្រតិបត្តិ(SOP) សម្រាប់គ្រប់គ្រងឲ្យមានសន្តិសុខ និងប្រសិទ្ធិភាពខ្ពស់

ទី២៖ រៀបចំក្របខ័ណ្ឌច្បាប់ និងក្រមប្រតិបត្តិសន្តិសុខជីវសាស្រ្ត (Biosecurity Legal Framework and Code of Conduct) សម្រាប់អនុវត្តផ្នែកជំនាញ សន្តិសុខជីវសាស្រ្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ នាពេលខាងមុខ។

សូមជម្រាបថា គម្រោងនេះមានគោលបំណងផ្តោតលើការពង្រឹងច្បាប់ជាតិគ្រប់គ្រងសន្តិសុខជីវសាស្រ្តឲ្យស្របតាមច្បាប់អន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងគ្រប់គ្រងភ្នាក់ងារជីវសាស្រ្តឲ្យបានត្រឹមត្រូវមិនឲ្យប្រើប្រាស់ខុសគោលដៅដែលអាចបង្កផលប៉ះពាល់ដល់មនុស្ស សត្វ និងសន្តិសុខជាតិ។

ការអនុវត្តគម្រោង៨១នេះ មានរយៈពេលជាង៥ឆ្នាំ (២០១៩-២០២៥) ដែលមានប្រទេសសមាជិកអាស៊ានទាំង ១០បានចូលរួម។ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដែលជា National Focal Point ជាមួយគម្រោងលេខ ៨១ នេះបានសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នមួយចំនួនដូចជា ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា វិទ្យាស្ថាន Pasteur និងបណ្តាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចូលរួមអនុវត្តគម្រោងនេះ ចាប់តាំងពីឆ្នាំ២០១៩ មកដោយមានសកម្មភាពដូចជា៖

_ ចូលរួមសន្និសីទថ្នាក់តំបន់បាន ៣លើក
_ សហការរៀបចំសិក្ខាសាលាថ្នាក់ជាតិបាន ៧លើក
_ ប្រជុំ អនឡាញបាន ២លើក
_ មានអ្នកជំនាញជាតិចូលរួមសរុបចំនួន ២២៩ នាក់។

ជាមួយគ្នានេះ លទ្ធផលដែលទទួលបានពីគម្រោងនេះមានដូចជា៖

_ បង្កើនការយល់ដឹងអំពីហានិភ័យដែលបង្កឡើងដោយភ្នាក់ងារជីវសាស្រ្ត(ដោយធម្មជាតិ ចេតនា និងអចេតនា)
_ បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអន្តរក្រសួងពាក់ព័ន្ធ
_ បង្កើតយន្តការបន្ថែមក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យដល់សុខភាពសាធារណ: សេដ្ឋកិច្ច និងសន្តិសុខជាតិ៕