(ភ្នំពេញ)៖ លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិង​ប្រមូលសំណាកគំរូ ក្នុងខេត្តកោះកុង និងខេត្តកំពត។

ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ - ២០២៨ គឺភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៏និយាយពីការសិក្សាស្រាវជ្រាវផូស៉ីលក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។ វេទិកានាពេលនេះបានរៀបចំឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពីការកំណត់អត្តសញ្ញាណផូស៊ីល និងស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូតាមរយៈគណៈកម្មការយូណេស្កូជាតិ​កម្ពុជា ក្នុងគោលបំណង ១) ផ្សព្វផ្សាយគំហើញ​ផូស៊ីល​ថ្មីៗ ២) បង្កើនការផ្សព្វផ្សាយធនធានធម្មជាតិ (ផូស៊ីល) ៣) ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និង៤) បង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ។

នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ស្ថានីយ រួមមាន៖ ផូស៊ីលសត្វសមុទ្រចំនួន៤៦ ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន១៤ ផូស៊ីលស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រ ចំនួន១ (រកឃើញដំបូងនៅកម្ពុជា) និងផូស៊ីលដានជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី(៣៥៩-២លានឆ្នាំ) ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត។

ការធ្វើកំណាយផូស៊ីល ចំនួន៤ទីតាំង រួមមាន៖

*នៅឆ្នាំ(២០១៩-២០២០) បានធ្វើកំណាយផូស៊ីលឈើ(នៅដែនជម្រកសត្វព្រៃលំផាត់) ខេត្តរតនគិរី
*នៅឆ្នាំ២០២២ បានធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ(នៅដែនជម្រកសត្វព្រៃតាតៃ) ខេត្តកោះកុង(រកឃើញលើកដំបូង)នៅប្រទេសកម្ពុជា
*នៅឆ្នាំ(២០២១-២០២៣) បានធ្វើកំណាយផូស៊ីលសត្វសមុទ្រ(តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់) ខេត្តបន្ទាយមានជ័យ
*នៅឆ្នាំ២០២៤ បានផូស៊ីលឈើថ្ម(នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ខេត្តព្រះវិហារ ជាលទ្ធផលបានជីកដី(ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ) រកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើនក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ថ្មភក់៕