(ភ្នំពេញ)៖ តាមរយៈយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននិងកំពុងបំផុសស្មារតីអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងផុលផុសដើររើសសំរាម និងសំអាតតាមទីសាធារណៈ និងលុបបំបាត់ការប្រើថង់ប្លាស្ទិក។
សំរាម ថង់ប្លាស្ទិក ធ្វើឱ្យបាតបង់សោភ័ណភាពតាមទីសាធារណៈ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងបរិស្ថាន ហើយក៏ជាការបង្ហាញឱ្យឃើញនូវឥរិយាបថមិនល្អលើការប្រើប្រាស់ និងទុកដាក់សំរាមផងដែរ។
ដើម្បីសង្គមកម្ពុជាស្អាត ប្រជាពលរដ្ឋខ្មែរត្រូវតែភ្ញាក់រលឹកឈប់ប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវចូលរួមសំអាតតាមទីសាធារណៈ។ ការសំអាតទីសាធារណៈ គ្រប់សាលារៀនទាំងរដ្ឋ និងឯកជន គួរតែមានកម្មវិធីនាំសិស្សចូលរួមសំអាតតាមទីសាធារណៈ ដើម្បីបណ្តុះស្មារតីចូលរួមការងារសង្គម និងស្មារតីស្អាតដល់សិស្សានុសិស្ស៕