(ព្រៃវែង)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មចំនួន៣០០នាក់ និងមន្រ្តីកសិកម្មឃុំចំនួន១៩នាក់ នៅខេត្តព្រៃវែង និងស្វាយរៀង ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរកសិកម្មខេត្តទាំងពីរ។
កិច្ចសំណេះសំណាលនេះមានគោលបំណងពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ការទុកដាក់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ការហាមឃាត់ចរាចរណ៍ផលិតផលគ្មានបញ្ជិកា និងជាពិសេសការជួយណែនាំដល់កសិករឱ្យប្រើប្រាស់ឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយថ្លៃដើមផលិត។
ជាមួយគ្នានេះ លោកបានផ្សព្វផ្សាយជូនអាជីវករអំពីគោលនយោបាយជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនកសិករ និងការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ជាងនេះទៀត អាជីវករក៏បានស្វែងយល់ផងដែរអំពីផលវិបាកនៃការផ្សាយព័ត៌មានបំប៉ោងសភាពការណ៍ដែលនាំឱ្យខាតបង់ផលប្រយោជន៍កសិករ និងបានបង្ហាញពីក្តីរីករាយក្នុងការងាកមកជួយផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានអំពីវិស័យកសិកម្មវិញ ដើម្បីជួយដល់ប្រជាកសិករ និងគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម៕