(កំពង់ឆ្នាំង)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនរបស់ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទូទាំងខេត្ត។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ស្រូវរដូវប្រាំងអនុវត្តបាន ៥៧១៦២ហិកតា ស្មើនឹង ១៥១,៦២% នៃផែនការ ៣៧ ៧០០ហិកតា (ខូចខាត ៥៩៧ហិកតា ដោយខ្វះទឹក) ដោយប្រមូលផលបាន ៥៦ ៥៦៥ហិកតា ទិន្នផលមធ្យម ៤,៧១៥ តោន/ហិកតា បរិមាណផលសរុប ២៦៦ ៧០៩តោន។

*គ្រោះធម្មជាតិ កើតមាន ២៨លើក ក្នុងនោះ៖ រាំងស្ងួតកើតមាន ១លើក បណ្តាលឲ្យស្រូវ ប្រាំងរងផលប៉ះពាល់ដោយខ្វះទឹកចំនួន ៣ ៣៣០ហិកតា សង្គ្រោះបាន ២ ៧៣៣ហិកតា និងខូច ខាត ៥៩៧ហិកតា។ ខ្យល់កន្ត្រាក់ កើតមាន ២២លើក (ធៀបឆ្នាំ២០២៣ ថយចុះ ៣៦លើក) រលំផ្ទះ ១៥ខ្នង របើកដំបូល និងទ្រេតផ្ទះ ១៧៤ខ្នង។ រន្ទះបាញ់កើតមាន ៤លើក (ធៀបឆ្នាំ២០២៣ ថយចុះ ៥លើក) ករណីសត្វដង្កូវហ្វូងបំផ្លាញដំណាំស្រូវ កើតមាន ១លើក បណ្តាលឲ្យប៉ះពាល់ស្រូវចំនួន ២៩៤,៥០ហិកតា។
*គ្រោះឧប្បទ្ទវហេតុផ្សេងៗកើតមាន ៥៦លើក ក្នុងនោះ៖ អគ្គីភ័យ ២១លើក (ធៀបឆ្នាំមុន ថយចុះ ២លើក) ឆេះផ្ទះ ១៩ខ្នង ឆេះតូបលក់ដូរ ១កន្លែង ឆេះស្ថានីយ លក់ប្រេង ១កន្លែង និងឆេះព្រៃមួយចំនួន។ ករណីលង់ទឹកកើតមាន ៣៥លើក (ធៀបឆ្នាំ២០២៣ ថយ ចុះ ១លើក) ។

អភិបាលខេត្ត បានបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានរួមគ្នាឆ្លើយតបបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។

ក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ឆ្នាំង។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។

ដោយឡែកលោកទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ណែនាំឲ្យថ្នាក់ខេត្តបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយ បានហានិភ័យ។

ចំពោះសមាគមអតីតយុទ្ធជនខេត្ត, ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យមន្ទីរ អង្គភាព ចងសម្ព័ន្ធមេត្រីជាមួយគ្រួសារអតីតយុទ្ធជន ចំនួន១០៥ខ្នងផ្ទះ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដើម្បីរៀបចំឈូសឆាយដី បង្កបង្កើតផល ជួយគាត់លើការដាំដុះ ដំណាំផ្សេងៗ។ ជាមួយគ្នានេះលោកមេឃុំចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។

លោកបន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕