(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធី ដើម្បីបង្កការសប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករដូចឆ្នាំកន្លងទៅ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពីពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តជាង៥លាននាក់ ជាពិសេស នៅថ្ងៃចូលឆ្នាំចុងក្រោយ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី កម្សាន្តសប្បាយនៅខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។

អភិបាលខេត្ត បានលើកឡើងទៀតថា ជាបទពិសោធន៍ ក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនាឆ្នាំកន្លងទៅ គឺអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំថែរក្សាសុខ សុវត្ថិភាពជូនភ្ញៀវ ទេសចរណ៍បានយ៉ាងល្អប្រសើរ ពោលគឺទាំងការសម្រួលចរាចរមិនឲ្យកកស្ទះ និងមិនមានជម្លោះប៉ះទង្គិចគ្នា ជាពិសេសការកំសាន្តដោយលាបម្សៅ ចាក់ទឹកក្តី គឺពួកគាត់លេងដោយចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដោយមានការ យោគយល់អធ្យាស្រ័យគ្នា ប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីរក្សាការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យបានច្រើនកុះករបន្តទៀត ក្នុងខេត្តកំពង់ចាម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ២០២៥ខាងមុខនេះ រដ្ឋបាលខេត្តត្រូវរៀបចំព្រឹត្តិការណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នឹងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានកាន់តែល្អប្រសើរ៕