(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែកទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍អំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានបញ្ជាក់អំពីវឌ្ឍនភាពតាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ, ទី៣ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ។
បន្ទាប់ពីបានស្ដាប់ការអានសេចក្តីព្រាងរបាយការណ៍ និងទិសដៅការងារបន្ដរួចមក លោក ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងតាមតម្រូវការការងារក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានផ្ដល់ឱកាសជូនអង្គប្រជុំ ផ្ដល់មតិយោបល់ ដែលជាធាតុចូលដ៏សំខាន់សម្រាប់ការអនុវត្ដការងារកាន់តែមុតស្រួច។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលដែលក្រសួងសម្រេចបានតាមកម្មវិធីអាទិភាពទាំង៥នេះ គឺបាននិងកំពុងឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងកំពុងចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងស័ក្ដិសិទ្ធិភាព៕