(ភ្នំពេញ)៖ រោចក្រផលិត និងឃ្លាំងស្តុបសម្ភារពូក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥៖៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះទីតាំងផលិត និងស្តុបសម្ភារពូក មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅជិតបុរីពិភពថ្មី ឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។

ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹក​អស់៤០ឡាន, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន, រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តរបស់បុរីសង្ឃឹមថ្មី ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តរបស់សាលាខណ្ឌពោធិ៍សែនជ័យ ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក។

ដោយឡែកចំពោះប្រភេទឃ្លាំងខាងលើនេះ គឺថ្មប្រក់ស័ង្កី ទំហំ (៤៥ម៉ែត្រ x ៥៥ម៉ែត្រ) បណ្តាលឲ្យឆេះឃ្លាំង ទំហំ (៤៥ម៉ែត្រ x ៥៥ម៉ែត្រ) ចំនួន០១ឃ្លាំង, ម៉ូតូចំនួន០៥គ្រឿង រួមទាំងសម្ភារស្តុបក្នុងឃ្លាំងអស់ទាំងស្រុង ហើយឆេះរាលដល់ផ្ទះថ្ម ចំនួន០១ខ្នង (ខូចខាត ១០%)។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៨៖១០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ច ប្រាប់ថារបស់ចែ សុខ ហេង លក់ពូក។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ។ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ គេសង្កេតឃើញមានវត្តមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក៏បានដឹកនាំកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ផងដែរ៕