(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមប្រធានបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្រុងសៀមរាប ក្រោមវត្តមានរបស់លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប, លោក ទិត សីច័ន្ទលី អគ្គនាយកជំរុញពាណិជ្ជកម្ម ព្រមទាំងលោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិចូលរួមផងដែរ។

យោងតាមរបាយការណ៍របស់លោក ទិត សីច័ន្ទលី បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់រួមទំហំ ៤ម៉ែត្រ គុណ៤ម៉ែត្រ ស្មើនឹង១៦ម៉ែត្រការ៉េ ដែលរចនាឡើងក្នុងគោលគំនិតបើកចំហរ និងមានលក្ខណៈផ្តោតសំខាន់លើវត្ថុតាំងបង្ហាញ (Spotlight)។ ស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ដាក់តាំងបង្ហាញផលិតផលសម្គាល់ ភូមិសាស្ត្រទំនិញ (Geographical Indication Products) ទំនិញសក្តានុពល បន្លែផ្លែឈើស្រស់ និងសម្រាប់ការនាំចេញ និងទំនិញសក្តានុពលមកពីបណ្តាខេត្តនានាជុំវិញ ខេត្តសៀមរាប ដែលមានគុណភាពខ្ពស់ មានស្តង់ដារជាតិ និងអន្តរជាតិ មានការវេចខ្ចប់ប្រណិត និងទាក់ទាញ និងអាចនាំចេញទៅទីផ្សារតំបន់ និងពិភពលោក។

ទន្ទឹមនោះ ក្រសួងបានរៀបចំឲ្យមានទីតាំងសមរម្យ នៅក្នុងស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់អ្នកចូលរួមតាំងពិព័រណ៍ ម្ចាស់កសិដ្ឋាន អ្នកដាំ ដុះបន្លែផ្លែឈើ អាចប្រើប្រាស់ទីតាំងនេះ ដើម្បីជួបពិភាក្សាជាមួយអ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា ដើម្បីពិភាក្សាការទិញ-លក់ និងការស្វែងរកកិច្ចសហការ។

លោកបន្តថា ក្រសួងក៏បានសម្របសម្រួលជូនស្ថាប័ន សមាគម សហគមន៍ អង្គការ កសិដ្ឋាន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងផ្សារចុងសប្តាហ៍នៃគម្រោងជំរុញទីផ្សារសម្រាប់ កសិកម្មខ្នាតតូច (AIMS) សរុបចំនួន៩០ សរុបស្តង់ពាណិជ្ជកម្មមានចំនួន១១១ស្តង់ និងមានសហគ្រិនស្ត្រី អាជីវករ ផលិតករ ពាណិជ្ជករ និងសេវាករ ប្រមាណ ២០០នាក់។ ក្នុងនោះមានផលិតផល និងសេវាកម្ម ចូលរួមតាំងបង្ហាញ និងលក់ រួមមាន៖

*១៖ ផលិតផលកសិកម្ម និងបន្លែផ្លែឈើ៖ មានចំនួន២១សហគ្រាស និងមាន៣២ស្ដង់ ស្មើនឹង២៨.៨២ភាគរយ
*២៖ សិប្បកម្មវត្ថុអនុស្សាវរីយ៍ ត្បូង និងគ្រឿងអលង្ការ៖ មានចំនួន៣២ សហគ្រាស និងមាន៣៥ស្ដង់ ស្មើនឹង៣២.៨២ភាគរយ
*៣៖ អង្គការ សមាគម សហគមន៍ កសិដ្ឋាន៖ មានចំនួន១៦ និងមាន២៥ស្តង់ ស្មើនឹង២២.៥២ភាគរយ
*៤៖ អាហារ និងភេសជ្ជៈ៖ មានចំនួន ១៥សហគ្រាស និងមាន១៥ស្តង់ ស្មើនឹង១៣.៥១ភាគរយ
*៥៖ មន្ទីរ ស្ថាប័ន និងសេវាកម្ម៖ មានចំនួន៤ និងមាន៤ស្តង់ ស្មើនឹង៣.៦ភាគរយ។

ថ្លែងក្នុងឱកាសនោះ លោក សំហេង បូរ៉ា បានលើកឡើងថា ពិព័រណ៍នានេះ គឺមានសារៈសំខាន់ និងបានជះផលវិជ្ជមាន ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិ។

លោកបន្តថា ពិព័រណ៍នេះ ក៏បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែលមានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាព និងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់អាជីវកម្មបោះដុំ អ្នកលក់រាយនានា ក្នុងការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តការផងដែរ។

ក្រសួងពាណិជ្ជកម្ម ក៏សូមលើកទឹកចិត្តដល់អាជីវករ ដែលបានចូលរួមក្នុងពិព័រណ៍នា ពេលនេះសូមចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីថ្នាល Cambodiatrade.com ដែលជាផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកដំបូងគេរបស់កម្ពុជា គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ផ្តល់ជូនដោយឥតគិតថ្លៃ ដែលនឹងជំរុញការបញ្ជាទិញ និងផ្គត់ផ្គង់ទំនិញកម្ពុជា តាមប្រព័ន្ធអនឡាញ អមជាមួយការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារជាដៃគូ និងមានការដឹកជញ្ជូនទៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។

លោក សំហេង បូរ៉ា បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹង ប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសអនុវត្តយ៉ាងយកចិត្តទុកដាក់នូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោក អ៊ឹង គឹមលាង បានថ្លែងនូវការកោតសសើរ ចំពោះក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងការលើកកម្ពស់សុវត្ថិភាព និងគុណភាពផលិតផលក្នុងស្រុក ជាពិសេសខិតខំអភិវឌ្ឍ និងកែច្នៃផលិតផលថ្មីៗ ទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ជាមួយនេះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តសៀមរាប សូមចូលរួមទស្សនាពិព័រណ៍ឲ្យបានច្រើនកុះករ និងសូមលើកទឹកចិត្តអ្នកចែកចាយ អ្នកលក់ដុំរាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា ស្វែងរកឱកាស និងបង្កើតដៃគូពាណិជ្ជកម្មជាមួយសហគមន៍កសិកម្ម កសិដ្ឋាន និងអ្នកដាំដុះបន្លែផ្លែឈើផង​ដែរ៕